រដ្ឋមន្ត្រី ហេង សួរ ៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ប្រៀបដូចជា «សួនការងារ» ជួយតភ្ជាប់អ្នកស្វែងរកការងារជាមួយនិយោជក
12-09-2026 17:50
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ដែលប្រៀបដូចជា «សួនការងារ» (Career Park) គឺជាវេទិកាដ៏សំខាន់សម្រាប់ប្រមូលផ្តុំសហគ្រាស ក្រុមហ៊ុន និងឱកាសការងារជាច្រើន ដើម្បីតភ្ជាប់អ្នកស្វែងរកការងារជាមួយនិយោជកដោយផ្ទាល់។
ការលើកឡើងបែបនេះរបស់ លោក ហេង សួរ បានធ្វើឡើងនៅក្នុងពិធីបើកពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ក្រោមប្រធានបទ៖ «ជំនាញ និងការងារ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក ហេង សួរ បានបញ្ជាក់ថា៖ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ដែលប្រៀបដូចជា “សួនការងារ” (Career Park) ដោយប្រមូលផ្តុំសហគ្រាស ក្រុមហ៊ុន និងឱកាសការងារជូនអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០១១ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាអន្តរាគមន៍ទីផ្សារការងារ ពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារកាន់តែល្អ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន TVET ជាមួយអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការងារ»។
លោករដ្ឋមន្រ្តីបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្មវិធីនេះបានកៀរគរអ្នកចូលរួមទស្សនាសរុប ៤៨ម៉ឺននាក់ ក្រុមហ៊ុនចូលរួមតាំងបង្ហាញចំនួន ១ ៣៨៥ ឱកាសការងារចំនួន ២៤ម៉ឺនកន្លែង និងអ្នកបានការងារធ្វើមានជាង ១ម៉ឺននាក់ភ្លាមៗក្នុងថ្ងៃពិព័រណ៍ និងអ្នកទទួលបានការងារជាច្រើនទៀតនៅថ្ងៃបន្តបន្ទាប់។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានលើកឡើងពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងការងារបានអនុវត្តប្រកបដោយបុរេសកម្មក្នុងការពង្រឹងប្រសិទ្ធភាពយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារ ដើម្បីតភ្ជាប់តម្រូវការទីផ្សារការងារ និងផ្គូផ្គងកម្លាំងពលកម្មគ្រប់ជំនាញឱ្យទទួលបានឱកាសការងារយ៉ាងឆាប់រហ័ស តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ ពង្រីកការប្រមូលព័ត៌មានឱកាសការងារ និងជំរុញការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមមានប្រសាសន៍ថា ក្នុងរយៈពេល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រសួងបានរៀបចំវេទិកាការងារចំនួន ៧៩៦លើកដែលមានអ្នកចូលរួម ២០ម៉ឺននាក់ ពិព័រណ៍ចល័ត ២ ០២៦លើក មានអ្នកចូលរួម ២៦ម៉ឺននាក់ និងពិព័រណ៍ការងារថ្នាក់ជាតិ-រាជធានីខេត្តចំនួន ២៥លើក មានអ្នកចូលរួម ១៩ម៉ឺននាក់ដែលជួយពលរដ្ឋឱ្យទទួលបានការងារក្នុងប្រព័ន្ធប្រមាណ ៣៩ម៉ឺននាក់។ ក្រៅពីនេះ យុវជនពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ២៩,៧ម៉ឺននាក់ក៏ទទួលផលពីកម្មវិធី TVET ១,៥លានគិតតាំងពីឆ្នាំ២០២៤មក។
បន្ថែមពីនេះ ក្រោមកិច្ចសហការជាមួយក្រសួង និងភាគីពាក់ព័ន្ធ ក្រសួងជួយស្វែងរកការងារជូនអតីតពលករបានជាង ៦៥ម៉ឺននាក់ ហើយថ្មីៗនេះ ក្រសួងបានរៀបចំ “កម្មវិធីកញ្ចក់ទិព្វ” ដែលជាសេវាប្រឹក្សាយោបល់តាមរយៈថ្នាលឌីជីថល ដោយរួមបញ្ចូលវេទិកាជជែក និងប្រឹក្សាដោយផ្ទាល់ផងដែរ។ ជារួម ក្នុងរយៈពេល៣ឆ្នាំនេះ វិស័យការងារមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្របានកើនឡើងដល់ ៤៧ ៧៥៨, ចំនួនកម្មករនិយោជិតក្នុងប្រព័ន្ធបានកើនឡើងដល់ ២,៣លាននាក់ និងសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពបានកើនដល់ ៣,៨៨លាននាក់ផងដែរ៕












