មន្ដ្រីជាន់ខ្ពស់ឧស្សាហកម្ម៖ ការបង្កើតឱកាសសម្រាប់យុវជន និងនិស្សិត ឱ្យចូលរួមស្រាវជ្រាវ ជាការវិនិយោគលើអនាគតរបស់ប្រទេស
12-09-2026 16:37
(ភ្នំពេញ)៖ លោក កែ គី រដ្ឋលេខាធិការ តំណាងលោក ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការបង្កើតឱកាសសម្រាប់យុវជន និងនិស្សិតឱ្យចូលរួមក្នុងការស្រាវជ្រាវ គឺជាការវិនិយោគលើអនាគត របស់ប្រទេសជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែ គី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសជ័យលាភី «ពានរង្វាន់គីណាល់» និង «ពានរង្វាន់ត្នោតមាស» ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលមូលនិធិគីណាល់ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
លោក កែ គី បានឲ្យដឹងថា នៅក្នុងបរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នាពេលបច្ចុប្បន្ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការស្រាវជ្រាវ និងនវានុវត្តន៍ កំពុងក្លាយជាកត្តាសំខាន់ ក្នុងការកំណត់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសមួយ។
បន្ថែមពីនោះទៀត លោកលើកឡើងថា ប្រទេសដែលមានការវិនិយោគ លើការស្រាវជ្រាវ និងធនធានមនុស្ស គឺជាប្រទេសដែលមានសមត្ថភាព ក្នុងការបង្កើត ចំណេះដឹងថ្មី បង្កើតបច្ចេកវិទ្យាថ្មី បង្កើតផលិតផលថ្មី និងបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈមនានារបស់សង្គម។
សម្រាប់កម្ពុជា ការជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ កាន់តែមានសារៈសំខាន់ ព្រោះវាអាចជួយយើងឱ្យផ្លាស់ប្តូរពីការប្រើ ប្រាស់ចំណេះដឹង និងបច្ចេកវិទ្យាពីខាងក្រៅ ទៅជាការបង្កើត និងអភិវឌ្ឍចំណេះដឹង និងដំណោះស្រាយដោយខ្លួនឯង។ នេះជាការគូសបញ្ជាក់ របស់លោក កែ គី។
លោក កែ គី បានគូសបញ្ជាក់ថា «ហេតុនេះហើយ ការបង្កើតឱកាសសម្រាប់យុវជន និងនិស្សិតឱ្យចូលរួម ក្នុងការស្រាវជ្រាវ គឺជាការវិនិយោគលើអនាគត របស់ប្រទេស»។
លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក ក្រុមហ៊ុន PPM-Confirel បានកត់សម្គាល់ថា រៀងរាល់ឆ្នាំ កម្មវិធីពានរង្វាន់គីណាល់ និងពានរង្វាន់ត្នោតមាស បានបញ្ជាក់ឱ្យយើងឃើញថា យុវជនកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់។
លោកឧកញ៉ាឱសថបណ្ឌិត បានឲ្យដឹងថា យុវជនកម្ពុជា អាចបំប្លែងទ្រព្យសម្បត្តិ ដែលជាមរតកដូនតានៅលើទឹកដីរបស់យើង ឱ្យទៅជាដំណោះស្រាយជាក់ស្តែង ដើម្បីផ្តល់ចំណីអាហារជួយដល់សុខភាព និងការចូលរួមអភិវឌ្ឍជនបទរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា តាមរយៈកម្មវិធី «ពានរង្វាន់គីណាល់» ចាប់តាំងពីឆ្នាំ២០១៣មក មានបេក្ខជនចូលរួមជាង ២,៤៤៣នាក់ ស្មើនឹង៤៦៨ក្រុម និងមានជ័យលាភីសរុប ៣៩ ក្រុម ស្មើនឹង១៨៣នាក់។
ចំណែក «ពានរង្វាន់ត្នោតមាស» ចាប់តាំងពីឆ្នាំ២០១៨មក មានបេក្ខជនចូលរួមជាង ១,១៣៦ នាក់ ស្មើនឹង ១៨១ ក្រុម និងមានជ័យលាភីសរុប ២៤ ក្រុម ស្មើនឹង ១៤៤ នាក់ មកពីគ្រឹះស្ថាន ឧត្តមសិក្សាចំនួន ១១។
នេះជាសមិទ្ធផលដែលគួរឱ្យកោតសរសើរ និងជាការបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាព មានគំនិតច្នៃប្រឌិត និងមានឆន្ទៈ ក្នុងការចូលរួមដោះស្រាយបញ្ហា របស់សង្គម៕
















