អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់មន្ត្រីជាន់ខ្ពស់ ចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក នៅខេត្តកំពង់ធំ
12-09-2026 16:33
(កំពង់ធំ)៖ ដោយទទួលបានការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន ០២ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ រួមមាន មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក និងមន្ទីរពេទ្យបង្អែកស្ទោង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសបំពេញបេសកកម្មនេះ លោកបណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្ដែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដែលបានលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ ជាពិសេសអ្នកជំងឺក្រីក្រ អ្នកជំងឺមានបណ្ណមូលនិធិសមធម៌ ងាយរងគ្រោះ ហានិភ័យ ជនមានពិការភាព និងអ្នកជំងឺ ប.ស.ស. ជាដើម។ ត្រូវគិតគូរពីសុវត្ថិភាពអ្នកជំងឺជាចម្បង។
ឆ្នាំនេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំង លោកបណ្ឌិតបានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូសខ្លា គឺត្រូវលាងសម្អាត និងគ្របពាង ឬអាងទឹកឱ្យបានជិត, ផ្លាស់ប្ដូរទឹកនៅក្នុងថូផ្កា និងរៀបចំអនាម័យជុំវិញផ្ទះសម្បែង ដោយកម្ទេចចោលនូវសម្ភារៈដែលអាចដក់ទឹកបាន ដូចជាសំបកកង់ឡាន សំបកដូង កំប៉ុង និងប្លាស្ទិកជាដើម។ ត្រូវដាក់ថ្នាំអាបាត (Abate) ក្នុងពាងទឹក, កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ, ដេកក្នុងមុង ឬមុងជ្រលក់ថ្នាំជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង។ ប្រសិនបើពិនិត្យឃើញសមាជិកគ្រួសារមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុតជាប្រញាប់ ដោយជៀសវាងដាច់ខាតនូវការទិញថ្នាំលេប ឬព្យាបាលដោយខ្លួនឯងនៅផ្ទះ ដើម្បីធានាសុវត្ថិភាព និងសង្គ្រោះជីវិតបានទាន់ពេលវេលា។
លោកបណ្ឌិត កែរ រដ្ឋា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្ដោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្ដល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន ៦១ កម្រិត ១ និងកម្រិត ២ ឱ្យមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ សង្គ្រោះទារក និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដើម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕






















































