អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី (Video inside)
12-09-2026 16:27
(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានគូសបញ្ជាក់ថា នៅក្នុងកំឡុងសង្គ្រាមឈ្លានពានលើកទឹកដីកម្ពុជា ទាំងពីរលើកាលឆ្នាំ២០២៥ គឺយោធាថៃ បានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា ដែលបង្កឱ្យប្រជាពលរដ្ឋខ្មែរជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមីនេះ។
ការគូសបញ្ជាក់បបែបនេះរបស់លោក ហេង រតនា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញ។
អគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា៖ «ផ្អែកលើលទ្ធផលដែលស៉ីម៉ាក់បំពេញប្រតិបត្តិការពេលសង្គ្រាមនៅខែធ្នូ និងខែកក្កដា យើងរកឃើញអាវុធដែលគេ (ថៃ) និយមប្រើមាន៤៣ប្រភេទ គេបានប្រើអាវុធគីមី និងសារធាតុគីមី […] ភាគីកម្ពុជា និងថៃ ជារដ្ឋសមាជិកនៃអនុសញ្ញា ពិភពលោកនេះអាវុធគីមី ហាមមិនឱ្យប្រើទេ, ថៃបានប្រើប្រាសាទព្រះវិហារ និងទីតាំងស៉ីវិល ភូមិឋានពលរដ្ឋ»។
បើតាមលោក ហេង រតនា យោធាថៃ បានប្រើប្រាស់រូបភាពជាច្រើន បាញ់អាវុធគីមី និងសារធាតុគីមី ដោយទម្លាក់ទីលើយន្តហោះចម្បាំង ដ្រូន និងការបាញ់ផ្លោងចេញពីកាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រ និង១២០មីលីម៉ែត្រជាដើម។
ត្រង់ចំណុចនេះ អគ្គនាយកស៉ីម៉ាក់ បានឱ្យដឹងថា សកម្មភាពប្រើប្រាស់អាវុធគីមី និងសារធាតុគីមីរបស់យោធាថៃ បានបង្កមានវីរកងទ័ព វីរនគរបាលខ្មែរជាច្រើនបានពលីដោយសារតែសារធាតុគីមីនេះ ខណៈមានប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជិត ៤០០នាក់ ក៏ត្រូវបានរងគ្រោះដោយសារតែអាវុធគីមី និងសារធាតុគីមីនេះផងដែរ។
លោក ហេង រតនា បានគូសបញ្ជាក់ថា កម្ពុជា បានដាក់ពាក្យប្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានទីស្នាក់ការនៅប្រទេសហូឡង់រួចហើយ ពាក់ព័ន្ធនឹងករណីដែលយោធាថៃ បានប្រើប្រាស់សារធាតុគីមី បាញ់មកលើទីតាំងស៊ីវិល ក្នុងអំឡុងសង្គ្រាមឈ្លានពានពីរលើក។
បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់ បានអះអាងថា គ្រាប់បែកចង្កោមដែលយោធាថៃបានប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានកម្ពុជា មានទម្ងន់រហូតដល់ ៤៦.៥គីឡូក្រាម ដែលលើសពីកម្រិតកំណត់រហូតដល់ជាង២ដង។ លោកបានបញ្ជាក់ថា តាមបទពិសោធអន្តរជាតិ គ្រាប់បែកចង្កោមមួយគ្រាប់ដែលបាញ់ចេញ អាចបង្កផលប៉ះពាល់លើផ្ទៃដីចាប់ពី ១.៨ហិកតា ដល់ ៣ហិកតា។
លោក ហេង រតនា បានបន្តថា ការប្រើប្រាស់គ្រាប់បែកចង្កោមទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រុកចំនួន២២ តាមបណ្តាខេត្តព្រំដែន ដែលគ្របដណ្តប់លើ ៦០ឃុំ និង ៣៤៩ភូមិ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៩២,០០០គ្រួសារ។ យោងតាមការរកឃើញរបស់ស៊ីម៉ាក់ ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ដែលជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។
អគ្គនាយកស៊ីម៉ាក់រូបនេះបានគូសបញ្ជាក់ថា បញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមស៊េរីថ្មី M42, M46 និង M85 ដែលអាចមានចំនួនប្រមាណ ៦-៧លានកូនគ្រាប់ រាយប៉ាយតាមភូមិឋាន ស្រែចម្ការ និងហេដ្ឋារចនាសម្ពន្ធសាធារណៈ គឺជាការគិតគូរខាងយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់របស់នាយទាហានសៀម ក្នុងការបង្កវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរចំពោះកម្ពុជា។ ទង្វើនេះជាការរំលោភបំពានលើអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម៕







