FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត

12-09-2026 15:55

(សៀមរាប)៖ សារមន្ទីរតេជោសន្តិភាព ដែលមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាទីកន្លែងដ៏សំខាន់មួយសម្រាប់តាំងបង្ហាញមីន និងយុទ្ធភណ្ឌដែលបានបំផ្លាញ ប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម។

លើសពីនេះសារមន្ទីរនេះក៏បានប្រមូលភស្តុតាងសំណល់យុទ្ធភណ្ឌរបស់យោធាថៃ ដែលបានឈ្លានពានទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥ មកតាំងបង្ហាញសម្រាប់សាធារណៈជាតិ និងអន្តរជាតិទស្សនា ដើម្បីចារជាប្រវត្តិសាស្រ្តឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ស៊ីម៉ាក់បានបន្សាបគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ គ្រាប់បែកយន្តហោះ MK84 ព្រមទាំងគ្រាប់ច្រើនប្រភេទទៀត មកតាំងបង្ហាញក្នុងសារមន្ទីរនេះ។

អគ្គនាយកស៊ីម៉ាក់កម្ពុជា បានបន្តថា សារមន្ទីរតេជោសន្តិភាព ត្រូវបានកសាងឡើង ដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រនូវស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្មនៃសង្គ្រាមនៅព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។

អាគារប្រវត្តិសាស្រ្តដ៏ធំនេះមានរាងការ៉េខាងក្រោមទំហំ ១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត ៥២ម៉ែត្រ កម្ពស់ ១៧ម៉ែត្រ ដែលមានទំហំជាង ១៥ពាន់ម៉ែត្រក្រឡា។ អគារនេះអាចក្លាយជាអាគារដែលមានរាងគ្រាប់មីនប្រឆាំងមនុស្ស (PMN) ធំជាងគេនៅក្នុងពិភពលោក។

សារមន្ទីរនេះបានវិវត្តពី «សារមន្ទីរសន្តិភាពសកម្មភាពមីន» ដែលសម្ពោធនៅខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្នកំពុងពង្រីកខ្លួនទៅជាសារមន្ទីរតេជោសន្តិភាព ដែលប្រសិទ្ធនាមដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ និងទទួលបានជំនួយគាំទ្រពីប្រជាជន និងរដ្ឋាភិបាលជប៉ុន។ សារមន្ទីរនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ ហើយនឹងឈរជានិមិត្តរូបនៃសន្តិភាព ត្រៀមទទួលស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សីនៃការវិវឌ្ឍន៍របស់ប្រទេសកម្ពុជា៕