កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្កើនការហ្វឹកហាត់កាយសម្បទា ដើម្បីប្រសិទ្ធភាពការងារខ្ពស់
12-09-2026 15:20
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងបន្តអនុវត្តការហ្វឹកហាត់ និងរបៀបហាត់ប្រាណតាមរយៈវិធីសាស្ត្រចម្រុះជាប់ជាប្រចាំ ដើម្បីពង្រឹងសុខភាព កាយសម្បទា និងភាពរហ័សរហួនរបស់កងកម្លាំង។ សកម្មភាពហ្វឹកហាត់នេះ មិនត្រឹមតែជួយគ្រប់គ្រងទម្ងន់ និងក្បាលពោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកងកម្លាំងកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញបេសកកម្ម។
ការហ្វឹកហាត់ជាប្រចាំនេះ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការធានាថា កងកម្លាំងទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ទាំងកម្លាំងកាយ និងស្មារតី ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារប្រចាំថ្ងៃ។ តាមរយៈការហ្វឹកហាត់ចម្រុះដូចជា ការរត់ ការហាត់ប្រាណបែបយោធា និងលំហាត់ប្រាណផ្សេងៗទៀត គឺបានរួមចំណែកយ៉ាងធំធេងដល់ការបង្កើនសមត្ថភាពប្រតិបត្តិការ។
គោលបំណងចម្បងនៃការហ្វឹកហាត់នេះ គឺដើម្បីលើកកម្ពស់គុណភាពការងាររបស់កងកម្លាំង ក្នុងការងារបង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ។ កាយសម្បទារឹងមាំ និងភាពរហ័សរហួន គឺជាកត្តាចាំបាច់សម្រាប់ប្រតិបត្តិការប្រកបដោយជោគជ័យ និងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ដូច្នេះ ការបន្តហ្វឹកហាត់ជាប្រចាំ គឺជាការវិនិយោគដ៏សំខាន់សម្រាប់ប្រសិទ្ធភាព និងភាពជឿជាក់របស់កងកម្លាំង៕



























