FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងពលរដ្ឋ១៨៨គ្រួសារ ស្នើសុំអន្ដរាគមន៍ថ្នាក់ដឹកនាំ ដើម្បីទាមទារសំណងថ្លៃ១៥ហិកតា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបុគ្គលឯកជនដណ្ដើមកាន់កាប់ តែទម្លាក់កំហុសថាជារបស់រដ្ឋ

12-09-2026 15:00

(កំពង់ស្ពឺ)៖ រឿងទំនាស់ដីធ្លីនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រវាងប្រជាពលរដ្ឋ ១៨៨គ្រួសារ និងបុគ្គលឯកជនម្នាក់ដែលពលរដ្ឋថាមានអំណាច បើគិតមកដល់ពេលនេះ មានរយៈពេលជិត ១៧ឆ្នាំកន្លងមក នៅមិនទាន់បានទទួលសំណងផលប៉ះពាល់នៅឡើយ ស្រាប់តែបុគ្គលម្នាក់យកគ្រឿងចក្រមកឈូសឆាយយកជាឯកជន។

ដើមឡើយដីដែលនៅសេសសល់ប្រមាណចំនួន២២,៥ហិកតា ដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផល តែក្រោយមកការវាស់វែងរបស់អាជ្ញាធរនៅសល់ត្រឹម១៥ហិកតា ដែលជាដីរបស់ពលរដ្ឋបានកាន់កាប់ តាំងពីតាំងពីមុនឆ្នាំ២០១០កន្លងមក។

លោក ជា សាវឿន តំណាងប្រជាពលរដ្ឋចំនួន១៨៨គ្រួសារ បានប្រាប់ឲ្យដឹងថា រឿងរ៉ាវដីធ្លីបានកើតឡើងតាំងតែពីឆ្នាំ២០១០មកម្ល៉េះ តែមានការសម្របសម្រួលគ្នាបានចំនួន៣ដងមកហើយ ដោយលើកទី១ បានដោះស្រាយគ្នា ប្រជាពលរដ្ឋទទួលបានថវិកាចំនួន១០ម៉ឺនដុល្លារ ពីខាងក្រុមការងារមកចែកជូនពលរដ្ឋក្នុងភូមិ។

លុះចូលដោះស្រាយជំហានទី២ បានជួបគ្នានៅក្នុងក្រុមហ៊ុន ម៉ុង រិទ្ធី សែនជ័យ ពេលនោះក្រុមប្រជាពលរដ្ឋបានទទួលប្រាក់ ៣ម៉ឺនដុល្លា ពីតំណាងក្រុមការងារបន្ថែមសម្រាប់ចែកជូនប្រជាពលរដ្ឋ ប៉ុន្តែភាគីខាងក្រុមការងារថា យកដីឲ្យទៅរដ្ឋប្រើប្រាស់ជាប្រយោជន៍ជាតិ ទើបពលរដ្ឋព្រមព្រៀងទទួលយកការដោះស្រាយ តែមិនដឹងមានមូលហេតុអ្វីទើបមានបុគ្គលម្នាក់យកទៅប្រើប្រាស់ជាឯកជន ទើបផ្ទុះការតវ៉ាជារៀងរហូតមក។

លោក ជា សារឿន បានបញ្ជាក់ថា ដល់ជំហានបន្ទាប់ទៀតក្រុមអាជ្ញាធរបានចុះពិនិត្យវាស់វែងឡើងវិញលើដីចំនួន ២២,៥ហិកតា ដែលនៅសល់មិនទាន់ដោះស្រាយ ក្នុងនោះមានជាន់ដីមានប័ណ្ណចំនួន៣ប័ណ្ណ ត្រូវកាត់ចេញពីទំនាស់ ដូច្នេះដីជាក់ស្តែងដែលនៅសល់មានត្រឹមចំនួន ១៥ហិកតា ដែលពលរដ្ឋអះអាងថា បានកាន់កាប់ និងអាស្រ័យផលដែលត្រូវទទួលបានសំណងត្រឹមត្រូវ។

តំណាងពលរដ្ឋដដែលបានអះអាងបន្ថែមថា តាំងពីដើមរៀងរហូតមកពលរដ្ឋតែងតែតវ៉ាជាប្រចាំមិនឲ្យទៅបុគ្គលដាច់ខាត ពីព្រោះពួកគាត់ប្រឹងប្រែងថែរក្សាដីនេះតាំងពីមានមីនពេញដី មិនតែប៉ុណ្ណោះក៏បានកាត់ចេញពីដី ជើងភ្នំរហូត១០០ម៉ែត្រថែមទៀត។ តែស្រាប់លេចមុខបុគ្គលម្នាក់បានយកគ្រឿងចក្រមកលួចឈូសឆាយ ដោយមិនព្រមផ្តល់សំណងដល់ពលរដ្ឋឡើយ ជាញឹកញាប់ម្នាក់នោះតែងតែលួចយកគ្រឿងចក្រ បន្តឈូសឆាយតែត្រូវបានហាមឃាត់ពីអ្នកភូមិ។

ជាការសំណូមពរតំណាងពលរដ្ឋ បានស្នើសុំឲ្យមានការដោះស្រាយគ្នាឲ្យបានត្រឹមត្រូវសិនចាំយកគ្រឿងចក្រមកឈូសឆាយ កុំចង់ស៊ីដាច់លុយប្រជាពលរដ្ឋ លើដីចំនួន១៥ហិកតានោះ មិនឲ្យបុគ្គលនោះទទួលផលម្នាក់ឯង ដោយសុខស្រួល បែរជាមកទំលាក់កំហុសថាពលរដ្ឋកាន់កាប់ដីរដ្ឋទៅវិញ៕