ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ប្រារព្ធពិធីសែនព្រេនសុំសេចក្ដីសុខ ដើម្បីបើកការដ្ឋានកែលម្អសួនរុក្ខជាតិឱសថបុរាណគិរីរម្យ
12-09-2026 13:46
(កំពង់ស្ពឺ)៖ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ និងអាជ្ញាធរមូលដ្ឋាន ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមរៀបចំពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងឱកាសបើកការដ្ឋានជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនរុក្ខជាតិឱសថបុរាណគិរីរម្យ។
ការងារកែលម្អនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានណែនាំឱ្យក្រុមការងារបច្ចេកទេស ខិតខំកែលម្អ និងពង្រឹងសមត្ថភាពសួនរុក្ខជាតិឱសថបុរាណគិរីរម្យឡើងវិញ ដើម្បីបម្រើឱ្យបេសកកម្មរបស់ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ក្នុងការអភិរក្សពូជរុក្ខជាតិឱសថ និងការស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។ គម្រោងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាមរតកវប្បធម៌ និងទំនៀមទម្លាប់នៃការប្រើប្រាស់ឱសថបុរាណដ៏យូរលង់របស់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ឱសថធម្មជាតិឱ្យបានត្រឹមត្រូវ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំក៏បានចុះពិនិត្យទីតាំងការដ្ឋានផ្ទាល់ ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមអ្នកសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ប្រកបដោយស្មារតីប្រុងប្រយ័ត្ន សុវត្ថិភាព និងគុណភាពជាចម្បង៕














