ក្រសួងបរិស្ថាន អំពាវនាវដល់ក្រុមហ៊ុនទាំងអស់ បន្តអនុវត្តវិធានការទប់ស្កាត់ការបំពុលទឹក ដើម្បីរក្សាភាពស្អាតរបស់កម្ពុជា
12-09-2026 11:53
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសសារាចរលេខ០៣ សរ ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។
សារាចរនេះបានតម្រូវឱ្យម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវស្របតាមលិខិតបទដ្ឋានជាធរមាន។
ជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ កម្ពុជាបានទប់ស្កាត់ការបង្ហូរសំណល់រាវចូលក្នុងប្រភពទឹកស្អាតបានប្រមាណ ៣៧លានម៉ែត្រត្រីគុណ។ សមិទ្ធផលនេះបានរួមចំណែកយ៉ាងសំខាន់ដល់បរិស្ថានកម្ពុជា និងបាននាំឱ្យប្រទេសកម្ពុជាទទួលបាននូវចំណាត់ថ្នាក់ខ្ពស់ជាច្រើន រួមមាន «ជាប្រទេសមានបរិស្ថានធម្មជាតិល្អលេខ១ ក្នុងពិភពលោក» «ជាប្រទេសមាននិរន្តរភាពធនធាន និងដីធ្លីល្អលេខ១ ក្នុងពិភពលោក» និងថ្មីៗនេះ «ជាប្រទេសមានតំបន់ទេសចរណ៍ធម្មជាតិល្អលេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ ក្នុងពិភពលោក»។
ដើម្បីបន្តរក្សាបាននូវ «ភាពស្អាត» របស់មាតុភូមិកម្ពុជា ដែលមិនត្រឹមតែសម្រាប់ភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គុណភាពបរិស្ថាន និងជាពិសេសសម្រាប់សុខុមាលភាពប្រជាជនកម្ពុជា ក្រសួងបរិស្ថានសូមអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ដែលមានការបញ្ចេញសំណល់រាវ ជាពិសេសការបញ្ចេញសំណល់រាវចាប់ពី ៤០ម៉ែត្រត្រីគុណ/ថ្ងៃឡើងទៅ ត្រូវបន្តអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល ដោយត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ក៏ដូចជាទប់ស្កាត់ការបំពុលប្រទេសជាតិយើងដែលជាផ្ទះរបស់យើងទាំងអស់គ្នា។
ក្រសួងបរិស្ថានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសេចក្តីជូនដំណឹងនេះ យើងទាំងអស់គ្នានឹងរួមគ្នាអនុវត្តលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល គោលការណ៍ឧស្សាហកម្មបៃតង និងគោលការណ៍សេដ្ឋកិច្ចចក្រា ដើម្បីធានាបាននូវចីរភាពសម្រាប់កម្ពុជា៕

