FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្កើតគណនី Telegram ក្លែងបន្លំជាអធិការនគរបាលខណ្ឌ និងនាយប៉ុស្តិ៍ ដើម្បីឆបោកប្រជាពលរដ្ឋ

12-09-2026 10:21

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបង្កើតគណនី Telegram ក្លែងក្លាយប្រើប្រាស់យកឈ្មោះអធិការនគរបាលខណ្ឌ និងបណ្តាប៉ុស្តិ៍មួយចំនួន ដើម្បីបន្លំបោកប្រាស់ប្រជាពលរដ្ឋ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

ជនសង្ស័យឈ្មោះ សុខ សុវណ្ណវិសា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចបន្ទប់ជួលលេខ២ ផ្ទះលេខ២៦ ផ្លូវបេតុង ក្រុមទី៩ ភូមិព្រែកតាគង់ទី៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះមានមុខរបរមិនពិតប្រាកដ និងស្នាក់នៅទីតាំងខាងលើ។

ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ធដៃ០១គ្រឿង ម៉ាក itel ដែលជារបស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាំងខាងលើ កំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

ករណីនេះជាការក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕