FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី ៣៧នាក់

12-09-2026 09:58

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែង ប្រកបដោយជោគជ័យ។

ប្រតិបត្តិនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចផ្ទះ១១ល្វែង កម្ពស់២ជាន់ មាន៤២បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការនេះ អាជ្ញាធរបានរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៣៧នាក់ ក្នុងនោះមានស្រី ១៥នាក់ ដែលកំពុងស្នាក់នៅ និងប្រព្រឹត្តបទល្មើសនៅក្នុងទីតាំងខាងលើ។

ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលកងវ៉ាខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នានេះ វត្ថុតាងជាច្រើនដែលបម្រើឱ្យបទល្មើស ក៏ត្រូវបានដកហូតផងដែរ រួមមាន៖ ទូរសព្ទចម្រុះចំនួន ១២គ្រឿង កុំព្យូទ័រ All-in-one ចំនួន ៦២គ្រឿង និងស៊ីភីយូចំនួន ២។

វត្ថុតាងទាំងនេះត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ ដើម្បីយកទៅរក្សាទុក និងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្ត។

ក្រៅពីនេះ សមត្ថកិច្ចជំនាញក៏កំពុងបន្តស្រាវជ្រាវរកម្ចាស់ទីតាំងឈ្មោះ ញ៉ ឆាយ និងបានបិទទីតាំងខាងលើជាបណ្ដោះអាសន្ន ដើម្បីធានាដល់ការស៊ើបអង្កេត និងទប់ស្កាត់បទល្មើសបន្តទៀត។