គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
12-09-2026 09:18
(ព្រះវិហារ)៖ គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាផ្នែកមួយដ៏សំខាន់ និងត្រូវបានបង្កប់លើក្រដាសប្រាក់២០០០រៀល បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់កម្ទេចពីសំណាក់យោធាថៃ កាលពីអំឡុងសង្គ្រាមឈ្លានពានលើកទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥។
បើតាមលោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ការខូចខាតនេះមានប្រមាណ ៩០% ដោយសារការប៉ះទង្គិច និងកម្លាំងគ្រាប់បាញ់បំបុក ដែលបណ្តាលឱ្យបាត់បង់ទ្រង់ទ្រាយដើម ថ្មមួយចំនួនធ្លាក់ចុះមកក្រោម និងបាក់បែកជាច្រើនកន្លែង។
យោងតាមរបាយការណ៍ស្រាវជ្រាវ និងការបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌ បានបង្ហាញថា គ្រាន់តែលើតួប្រាសាទ និងតំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះ និងមិនទាន់ផ្ទុះចំនួន ៥០១កន្លែង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំនួនជិត ៦០០ទីតាំង លើតួប្រាង្គប្រាសាទព្រះវិហារទាំងមូល។
ការខូចខាតនេះរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ រួមទាំងការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ផងដែរ។
ហេតុការណ៍ដ៏ព្រៃផ្សៃនេះ បានបន្សល់ទុកនូវស្លាកស្នាមយ៉ាងជូរចត់លើសម្បត្តិបេតិកភណ្ឌពិភពលោកដ៏វិសេសវិសាលរបស់មនុស្សជាតិ។ ការខូចខាតទាំងនេះតម្រូវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្តារ និងអភិរក្សឡើងវិញ ដើម្បីរក្សាទុកនូវតម្លៃជាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យរបស់ប្រាសាទព្រះវិហារសម្រាប់មនុស្សជំនាន់ក្រោយ៕





