ក្រសួងទេសចរណ៍ជូនដំណឹងបើកវគ្គបណ្តុះបណ្តាលជំនាញដុតនំកម្រិតដំបូងដោយឥតគិតថ្លៃ ជំនាន់ទី៩
12-09-2026 08:46
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើជំនាញដុតនំកម្រិតដំបូង (ជំនាន់ទី៩) ដោយឥតគិតថ្លៃ។
យោងតាមលិខិតរបស់ក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED សម្រាប់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២០សប្តាហ៍ ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ ដោយសិក្ខាកាមនឹងសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់លើជំនាញដុតនំចំនួន១០ប្រភេទ។
សិក្ខាកាមអាចជ្រើសរើសវេនសិក្សាដោយផ្ទាល់ ដូចខាងក្រោម៖
*វេនព្រឹក ចំនួន២០នាក់ ចាប់ពីម៉ោង៩៖០០ ដល់ម៉ោង១១៖០០
*វេនរសៀល ចំនួន២០នាក់ ចាប់ពីម៉ោង១៥៖០០ ដល់ម៉ោង១៧៖០០
ទីតាំងសិក្សា៖ អគារ Exchange Square ជាន់ទី៣។
លក្ខខណ្ឌចូលរៀន៖ សិក្ខាកាមត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង និងត្រូវចូលរៀនឱ្យបានទៀងទាត់ និងទាន់ពេលវេលា។
ក្រសួងទេសចរណ៍បានឲ្យដឹងថា សម្រាប់ព័ត៌មានបន្ថែម សាធារណជនអាចទាក់ទងដោយផ្ទាល់ទៅនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាមលេខ 011 646 966 / 011 213 560 ក្នុងម៉ោងធ្វើការ៕


