FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន

12-09-2026 08:45

(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា កម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយពេលរហូតដល់ទៅ ១០ឆ្នាំ និងថវិកាប្រមាណ ១០០០លានដុល្លារអាមេរិក ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម ដែលទម្លាក់ និងបាញ់ផ្លោងដោយប្រទេសថៃ ក្នុងអំឡុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទៅាំងពីរលើក កំឡុងឆ្នាំ២០១៥។

ការឱ្យដឹងបែបនេះរបស់លោក ហេង រតនា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោក ហេង រតនា បានបន្តថា គ្រាប់យុទ្ធភណ្ឌយោធាដែលប្រើប្រាស់ដោយប្រទេសថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រុកចំនួន២២ តាមបណ្តាខេត្តព្រំដែន ដែលគ្របដណ្តប់លើ ៦០ឃុំ និង ៣៤៩ភូមិ។ ផលប៉ះពាល់ទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះចំនួន ៩២,០០០គ្រួសារ ដែលរស់នៅក្នុងតំបន់ទាំងនោះ ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ពីសំណល់ជាតិផ្ទុះ។

លោកបានបន្តថា ការបោសសម្អាតគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ គឺជាកិច្ចការដ៏លំបាក និងមានហានិភ័យខ្ពស់ ដែលទាមទារធនធានមនុស្ស ថវិកា និងបច្ចេកវិទ្យាទំនើប ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងស្តារតំបន់រងគ្រោះឱ្យមានការអភិវឌ្ឍឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

អគ្គនាយកស៉ីម៉ាក់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កម្ពុជា ត្រូវការចំណាយថវិកាចន្លោះ ២០០០ដុល្លារ ដើម្បីប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម អញ្ចឹងបើយើងយកមកគុណប្រហែល ១០០០លានដុល្លារ សម្រាប់បោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាននេះ ហើយត្រូវការពេលវេលាជាង១០ឆ្នាំ»។

លោក ហេង រតនា បានគូសបញ្ជាក់ថា ចំពោះបញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកម្ពុជា បានប្រឈមដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ កាលពីឆ្នាំ២០២៥ និងពីអតីតកាលវាកាន់តែបង្កការលំបាកបន្ថែមទៀត ដល់ដំណើរបោសសម្អាតសំណង់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់ពីកម្ពុជា ទៅតាមផែនការកំណត់។

ត្រង់ចំណុចនេះ មេស៉ីម៉ាក់កម្ពុជា ក៏បានបង្ហាញជំនឿថាប្រសិនបើមានលទ្ធភាពគ្រប់គ្រាន់កម្ពុជាអាចបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌនេះបានប្រហែលជាង១០ឆ្នាំ ទាំងសំណល់ថ្មី និងពីអតីតកាល ពោលគឺអាស្រ័យទៅលើលទ្ធភាពជាក់ស្តែង។

អគ្គនាយកស៉ីម៉ាក់ បានសង្កត់ធ្ងន់ថា បញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅរាយប៉ាយលើទឹកដីកម្ពុជា គឺជាការទទួលខុសត្រូវរបស់អ្នកដែលរំលោភបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។

យោងតាមការរកឃើញរបស់ CMAC ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ដែលជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ សង្គ្រាមឈ្លានពាននេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋានជាង ៣៤០ភូមិ ប៉ះពាល់ផ្ទៃដីប្រមាណ ៤៤១,០០០ហិកតា និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៩១,០០០គ្រួសារ។ បច្ចុប្បន្ន កងកម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការវិលត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) មកលើទឹកដីកម្ពុជា បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ សង្កាត់ចំនួន៦០ ភូមិចំនួន ៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០ ០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង ១៦ ០០០សក្ខីកម្ម៕