ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងនូវផលជះជាវិជ្ជមាន ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ លើប្រព័ន្ធរដ្ឋបាល ក្រសួង ស្ថាប័ន មន្ត្រីរាជការ និងសាធារណៈជន
11-09-2026 22:38
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាគ្រូឧទ្ទេសនាមផ្តល់បាឋកថាលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គបណ្តុះបណ្តាលនយោបាយកម្រិត២ ជំនាន់ទី២៧ របស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានលើកឡើងនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះៗ ជុំវិញវឌ្ឍនភាព និងផលជះជាវិជ្ជមាននៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
នៅក្នុងបាឋកថានោះ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ មានលក្ខណៈខុសប្លែកពីកិច្ចការងារមួយចំនួន ដោយសារការរៀបចំប្រព័ន្ធឱ្យមានការឯកភាពគ្នា ជំរុញគ្នា ប្រទាក់ក្រឡាគ្នា ឬការរៀបចំបទដ្ឋានគតិយុត្តិ វាមិនទាន់គ្រប់គ្រាន់ឡើយ បើទោះបីជាវាស្ថិតនៅលើក្រដាសល្អយ៉ាងណាក៏ដោយ ប៉ុន្តែបើស្មារតី នៃការអនុវត្តការងាររបស់មន្ត្រីនៅក្នុងអង្គភាព មិនប្រែប្រួលទេនោះ ការកែទម្រង់ គឺបានត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកបានសម្តែងនូវការមើលឃើញក្នុងផ្លូវវិជ្ជមាន និងវាយតម្លៃខ្ពស់ចំពោះស្មារតីសហការ ដោយលោកបានកត់សម្គាល់ថា មកទល់បច្ចុប្បន្ន គ្រប់ក្រសួង-ស្ថាប័នទាំងអស់ បានឯកភាព និងមូលមតិគ្នាជាធ្លុងមួយថា «យើងត្រូវធ្វើ និងត្រូវតែធ្វើ»។ លោកបានទទួលស្គាល់ដោយត្រង់ថា ក្នុងដំណើរការនេះ ចំណុចខ្លះដែលងាយស្រួល គឺត្រូវបានកែសម្រួលរួចរាល់ ហើយក៏មានចំណុចមួយចំនួនទៀត មានការរុញរា ឬការទម្រន់មិនចង់ផ្លាស់ប្តូរ ដែលនេះជាធម្មជាតិនៃការកែទម្រង់ ប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែង បោះជំហានទៅមុខម្តងបន្តិចៗដោយត្រូវការពេលវេលា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកពីទស្សនទានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានសង្កត់ធ្ងន់ថា អត់និយាយថាបង្រួមក្រសួង ឬមិនបង្រួមក្រសួងនោះទេ តែនិយាយថា តើមន្ត្រីរាជការបំពេញភារកិច្ចមានប្រសិទ្ធភាពកម្រិតណា ស្របតាមគោលនយោបាយ និងការបម្រើប្រជាជន។ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលដៅចុងក្រោយ គឺការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដោយអនុវត្តគោលនយោបាយ ប្រែក្លាយឱ្យទៅជាសមិទ្ធកម្មជាក់លាក់ ដែលប្រជាជនសប្បាយចិត្ត ទទួលផល ហើយជឿទុកចិត្ត ប៉ុន្តែគោលដៅដ៏សំខាន់មួយទៀត គឺសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
ផ្អែកលើទស្សនវិស័យនេះ លោក ហ៊ុន ម៉ានី បានបូកសរុបនូវផលជះជាវិជ្ជមាន ៤ ចំណុច ដែលជាគោលដៅរំពឹងទុកចុងក្រោយនៃការកែទម្រង់ រួមមាន៖
*ទី១៖ ផលជះទៅលើប្រព័ន្ធរដ្ឋបាលជារួម៖ សំដៅដោះស្រាយបញ្ហារួមក្នុងប្រព័ន្ធមុខងារសាធារណៈ ពង្រឹងមូលដ្ឋានគ្រឹះឆ្ពោះទៅការកសាងរដ្ឋបាលទំនើប ការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ការពង្រឹងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ជំរុញការកែទម្រង់ផ្សេងៗ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
*ទី២៖ ផលជះទៅលើដំណើរការរបស់ក្រសួង ស្ថាប័ន៖ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដើម្បីកំណត់ឱ្យច្បាស់លាស់នូវមុខងារស្នូល មុខងាររងនៃមុខងារស្នូល និងមុខងារគាំទ្រ ឈានទៅដល់កំណត់តួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ ជៀសវាងការត្រួតជាន់ និងស្ទួនគ្នា ព្រមទាំងពង្រឹងភាពជាម្ចាស់ក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រងមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ
*ទី៣៖ ផលជះទៅលើមន្ត្រីរាជការផ្ទាល់ខ្លួនឯង៖ ជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិនិត្យឡើងវិញនូវការបែងចែកភារកិច្ច ការវាយតម្លៃ ការគ្រប់គ្រងមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបានច្បាស់លាស់ ការជ្រើសរើសមន្ត្រីឱ្យចំជំនាញវិជ្ជាជីវៈ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈតាមរយៈការបណ្តុះបណ្តាល ព្រមទាំងការទទួលខុសត្រូវ និងគណនេយ្យភាពមន្ត្រីរាជការ លុបបំបាត់ភាពចន្លោះប្រហោង ក្នុងការដឹកនាំនៅក្នុងអង្គភាព
*ទី៤៖ ផលជះទៅលើសាធារណជន៖ ចេញពីកំណែទម្រង់ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ ធានាឱកាសស្មើគ្នា តម្លាភាព និងយុត្តិធម៌សង្គម បង្កើនប្រសិទ្ធភាពអនុវត្តការងារ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរជូនប្រជាពលរដ្ឋ បង្កើននូវគុណតម្លៃអាជីពមន្ត្រីរាជការ ដែលទទួលបាននូវភាពរីកចម្រើនក្នុងគន្លងការងាររបស់ខ្លួន៕

























