រដ្ឋមន្ត្រីសុខាភិបាល ចែករំលែកទស្សនទានកម្ពុជាលើអាទិភាពចម្បងចំនួនបី ដែលមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
11-09-2026 21:30
(គូឡាឡាំពួ)៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី១០ ដែលធ្វើឡើងក្រោមប្រធានបទ «ជំរុញប្រព័ន្ធសុខាភិបាលដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព សម្រាប់អនាគតរួមរវាងអាស៊ាន-ចិន (Advancing Resilient, Inclusive and Sustainable Health Systems for a Shared ASEAN-China Future)» នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានផ្តល់បទអន្តរាគមន៍ដោយកោតសរសើរ ចំពោះក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងកិច្ចសហប្រតិបត្តិការសុខាភិបាលជាមួយសហគមន៍អាស៊ាន ហើយដែលការប្តេជ្ញាចិត្តនេះ ក៏ត្រូវបានអះអាងបញ្ជាក់ក្នុងវេទិកាសហប្រតិបត្តិការសុខាភិបាលចិន-អាស៊ាន លើកទី៥ ដែលបានរៀបចំឡើងនៅទីក្រុងណាននីង ក្នុងខែកញ្ញា ឆ្នាំ២០២៥ ក្រោមក្របខណ្ឌផ្លូវសូត្រសុខាភិបាល។
ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកទស្សនទានកម្ពុជាលើអាទិភាពចម្បងចំនួនបី ដែលមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេសសម្រាប់កម្ពុជា និងដែលត្រូវការកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយសាធារណរដ្ឋប្រជាមានិតចិន៖ ១) ការកាត់បន្ថយបន្ទុកជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក ដោយផ្តោតលើការវអនុវត្តគ្រប់ដំណាក់កាលនៃការថែទាំ ចាប់ពីការការពារ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការស្តារនីតិសម្បទា ២) ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល គឺជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងវិស័យវិសុខាភិបាល សម្រាប់ការប្រមូល ការវិភាគ និងការប្រើប្រាស់ ក្នុងនោះ ទិន្នន័យប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើគោលនយោបាយ និងការសម្រេចចិត្តសាធារណៈ និង ៣) សុខភាពមាតា និងទារក តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការសុខភាពមាតា និងទារក អាស៊ាន-ចិន ជាវេទិកាថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការ ការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹង គឺជាទ្រព្យសម្បត្តិដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមសុខាភិបាល និងប្រជាសាស្ត្ររួមអាស៊ាន-ចិន។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមលើវិធីសាស្ត្រសហប្រតិបត្តិការដ៏ទូលំទូលាយ រួមបញ្ចូលគ្នា និងសម្របសម្រួលគ្នា ដែលផ្តល់នូវអត្ថប្រយោជន៍ជាការសម្រេចចិត្តក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល លើការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពាក់ព័ន្ធនឹងសុខាភិបាល និងការបង្កើនល្បឿនឆ្ពោះទៅរកការគ្របដណ្តប់សុខាភិបាលជាសកល (UHC)។
តាមរយៈ «កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រឹងមាំ» សហគមន៍អាស៊ានកាន់តែសម្រេចបានការកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព សម្រាប់ផលប្រយោជន៍ និងសុខុមាលភាពរួមរបស់ប្រជាជន រវាងអាស៊ាន-ចិន៕














