អ.វ.ត.ក. ពង្រឹងចំណេះដឹងមគ្គុទ្ទេសក៍ទេសចរកម្ពុជា អំពីយុត្តិធម៌អន្តរកាល និងកេរដំណែល
11-09-2026 21:17
(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំសិក្ខាសាលាស្តីពី «យុត្តិធម៌អន្តរកាល៖ សមិទ្ធផល និងកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»ជូនមគ្គុទ្ទេសក៍ទេសចរកម្ពុជាចំនួន ៤៥រូប នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរកម្ពុជា ក្នុងការបកស្រាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម យុត្តិធម៌អន្តរកាល ដំណើរការជំនុំជម្រះក្តី និងកេរដំណែលរបស់ អ.វ.ត.ក. ប្រកបដោយសុចរិតភាព ការទទួលខុសត្រូវ និងផ្អែកលើការពិត និងភស្តុតាង។
ក្នុងពិធីសិក្ខាសាលា លោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរកម្ពុជា មានសារៈសំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រ និងកេរដំណែលនៃយុត្តិធម៌ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា ការបកស្រាយអំពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្ររបបខ្មែរក្រហម និងដំណើរការយុត្តិធម៌ ត្រូវធ្វើឡើងដោយផ្អែកលើការពិត និងភស្តុតាង ដើម្បីធានាថាព័ត៌មានដែលត្រូវបានចែករំលែកមានភាពត្រឹមត្រូវ និងមានការទទួលខុសត្រូវ។
លោកបានបន្ថែមថា ប្រធានបទនៃសិក្ខាសាលានេះមានសារៈសំខាន់ក្នុងការរួមចំណែករក្សាការពិត គោរពដល់ជនរងគ្រោះ និងធានាថាមេរៀនពីអតីតកាលមិនត្រូវបានបាត់បង់ ឬបំភ្លៃសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងអំឡុងពេលសិក្ខាសាលា សិក្ខាកាមបានសិក្សាអំពីបរិបទប្រវត្តិសាស្ត្រ និងផលប៉ះពាល់នៃរបបខ្មែរក្រហម អាណត្តិ និងសំណុំរឿងរបស់ អ.វ.ត.ក. ការចូលរួមរបស់ជនរងគ្រោះ ក្របខ័ណ្ឌសំណង ការអនុវត្តមុខងារសេសសល់ ព្រមទាំងការថែរក្សា និងផ្សព្វផ្សាយកេរដំណែលរបស់ អ.វ.ត.ក.។
ក្នុងកម្មវិធីពេញមួយថ្ងៃនេះ សិក្ខាកាមទាំងអស់បានទស្សនាសមាសភាពសំខាន់នៅក្នុងមជ្ឈមណ្ឌលធនធានដែលមានដូចជាសាលតាំងពិព័រណ៍អចិន្ត្រៃយ៍ «សាលាយុត្តិការ» ឧទ្យានសម្រាប់ការចងចាំ បណ្ណសារដ្ឋាន បណ្ណាល័យ និងមជ្ឈមណ្ឌលធនធានចល័តរបស់ អ.វ.ត.ក. ដើម្បីស្វែងយល់កាន់តែច្បាស់អំពីធនធាន និងសកម្មភាពនានាដែលពាក់ព័ន្ធនឹងការអប់រំ និងការចងចាំប្រវត្តិសាស្ត្រ។
តាមរយ:បទបង្ហាញរបស់វាគ្មិនសំខាន់ៗនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សិក្ខាកាមទាំងអស់បានយល់ច្បាស់ពីការបែងចែកដាច់រវាង ការពិត ការបកស្រាយ និងមតិយោបល់ ព្រមទាំងការយល់ដឹងអំពីច្បាប់ស្តីពីការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សូមជម្រាបថា នេះជាលើកទីពីរហើយដែល អ.វ.ត.ក. បានរៀបចំសិក្ខាសាលាសម្រាប់មគ្គុទ្ទេសក៍ទេសចរកម្ពុជា។ សិក្ខាសាលាលើកទី១ បានរៀបចំឡើងកាលពីចុងខែសីហា ឆ្នាំ២០២៦ កន្លងទៅ ដែលមានមគ្គុទ្ទេសក៍ទេសចរចូលរួមចំនួន ៤៥រូបដូចគ្នា៕


















