មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំនាយទាហាន នាយទាហានរង ចុះត្រួតពិនិត្យការដាំ ថែទាំដើមឈើ ធ្វើអនាម័យ និងសម្អាតហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦
11-09-2026 21:12
(ត្បូងឃ្មុំ)៖ នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំនាយទាហាន នាយទាហានរង ចុះត្រួតពិនិត្យការដាំ ថែទាំដើមឈើ ធ្វើអនាម័យ សម្អាតហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦។
តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ត្រូវបានកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីរំលឹកនូវគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងយុទ្ធមិត្តផ្សេងទៀត ដែលបានយកជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ដោយមានការយកចិត្តទុកដាក់ ឆន្ទៈមោះមុតការលះបង់ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអតីតយុទ្ធមិត្តបម្រើកងទ័ព ឆ្នាំ១៩៧៧, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការឧបត្ថម្ភគាំទ្រពីសប្បុរសជនចូលរួមកសាងសមិទ្ធផលនានា បានប្រគល់ភារកិច្ចគ្រប់គ្រងថែទាំដោយស្មារតីទទួលខុសត្រូវខ្ពស់ជូនលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សម្រាប់ការមើលថែជាប់ជាប្រចាំនៅតំបន់ប្រវត្តិសាស្រ្តមួយនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តផ្សេងទៀត បានសម្រេចចិត្តចាកចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម។ នេះជាការចាប់ផ្តើមដំណើរតស៊ូដ៏លំបាកមួយ ជាជំហានដ៏សំខាន់ដើម្បីស្វែងរកសម្ព័ន្ធមិត្ត និងកសាងកម្លាំងជំនួយក្នុងការផ្តួលរំលំរបបព្រៃផ្សៃ។
ការចាប់ផ្តើមនៃដំណើរនេះពោរពេញដោយគ្រោះថ្នាក់ និងការប្រឈមមុខនឹងការតាមប្រមាញ់ពីកងកម្លាំងរបបខ្មែរក្រហម និងឆ្លងកាត់តំបន់សម្លាប់ភូមិសាស្រ្ត (តំបន់ពង្រាយដោយគ្រាប់មីន)។ ការសម្រេចចិត្តចាកចេញពីទឹកដី កំណើតក្នុងកាលៈទេសៈនោះ គឺដើម្បីសង្គ្រោះជាតិ មាតុភូមិ ចេញពីសោកនាដកម្ម។
ផ្តើមចេញពីថ្ងៃតស៊ូពេលនោះហើយ ទើបជាតិកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យដល់បច្ចុប្បន្ន និងក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលកំពុងបន្តថែរក្សា ការពារ សន្តិភាពពីសម្តេចតេជោ ហ៊ុន សែន ដើម្បីកសាង អភិវឌ្ឍន៍ សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនរុងរឿងជារៀងរហូតទៀត៕










































































