តំណាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា នាំយកកង់ និងសម្ភារៈសិក្សាចែកជូនសិស្សមានជីវភាពខ្វះខាត៨៨នាក់ នៅស្រុកអូរគ្រៀងសែនជ័យ
11-09-2026 20:47
(ក្រចេះ)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងរបស់នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារក្រសួងព័ត៌មាន ដើម្បីនាំយកកង់ចំនួន ៨៨គ្រឿង រួមទាំងមួកសុវត្ថិភាព និងដបទឹក ចំនួន៨៨ ឈុត ទៅចែកជូនដល់សិស្សានុសិស្សដែលកំពុងជួបជីវភាពខ្វះខាតនៅក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ក្នុងនោះសិស្សមកពីសាលាបឋមសិក្សាខ្សាច់លាវ បានទទួលកង់/មួកសុវត្ថិភាព/ដបទឹកចំនួន ៣៣គ្រឿង សាលាបឋមសិក្សាចង្កប ៤៦គ្រឿង សាលាបឋមសិក្សារំពើក ៤គ្រឿង និង ៥គ្រឿងទៀត ត្រូវបានផ្តល់ដល់សិស្សានុសិស្ស ដែលកំពុងជួបជីវភាពខ្វះខាតមកពីសាលាបឋម សិក្សាផ្សេងៗទៀត នៅក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ តាមរយៈក្រុមការងារស្រុកអូរគ្រៀងសែនជ័យ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ និងលោក ប្រាក់ ថាវអមិដា ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្តគម្រោងនៃក្រសួងព័ត៌មាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូរគ្រៀងសែនជ័យ ក្រុមការងារថ្នាក់ ខេត្តចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ តំណាង អភិបាលខេត្តក្រចេះ តំណាងមន្ទីរព័ត៌មានខេត្តក្រចេះ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ តំណាងអភិបាលស្រុកអូរគ្រៀងសែនជ័យ តំណាងការិយាល័យអប់រំ យុវជន និងកីឡា ស្រុក អូរគ្រៀងសែនជ័យ នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សដែលទទួលបានអំណោយទាំងនេះប្រមាណ ១៧០នាក់។
គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សនៅក្នុងសហគមន៍ គឺជាគម្រោងទទួលផលរហ័ស (QIP) ដំណាក់កាលទី២ ដែលក្រសួងព័ត៌មានបានអនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ ដោយទទួលបានជំនួយហិរញ្ញប្បទានពីរាជរដ្ឋាភិបាលឥណ្ឌា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការនៃប្រទេសកម្ពុជា។
គិតត្រឹមពេលនេះគម្រោងបានចែកកង់/មួកសុវត្ថិភាព/ដបទឹក សរុបចំនួន ២៨៨ឈុត ក្នុងនោះ២០០ឈុត នៅដំណាក់កាលទី១ ត្រូវបានចែកនៅសាលាបឋមសិក្សាប៉ាក្លែ ស្រែជិះ រលួស ស្រែស្បូវ និងពន្ធជា និងដំណាក់កាលទី២ លើកទី១ ចំនួន ៨៨ឈុត ត្រូវបានយកមកចែក នៅសាលាខ្សាច់លាវ និងចង្កបរំពើក ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលឥណ្ឌានេះ នឹងជួយកាត់បន្ថយពេលវេលារបស់សិស្សក្នុងការធ្វើដំណើរទៅមកសាលារៀន លើកទឹកចិត្តសិស្សឱ្យមករៀនបានទៀងទាត់ និងជួយបង្កើនឱកាសសិក្សារបស់សិស្សដើម្បីឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរ ជាពិសេសជួយសម្រាលបន្ទុកគ្រួសារសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាក ជាពិសេសសិស្សដែលរស់នៅតំបន់ដាច់ស្រយាលក្នុងស្រុកអូរគ្រៀងសែនជ័យ។
ក្នុងពិធីនោះលោក ប្រាក់ ថាវអមិដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជ រដ្ឋាភិបាលឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា ដែលបានផ្តល់ហិរញ្ញប្បទានដល់ក្រសួងព័ត៌មានក្នុងការអនុវត្តគម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដំណាក់កាលទី២ នៅស្រុក អូរគ្រៀងសែនជ័យ។
លោកក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។
ជាមួយគ្នានេះ លោកបានណែនាំឱ្យក្មួយៗយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ ជាពិសេសត្រូវពាក់មួកសុវត្ថិភាព និងប្រើប្រាស់កង់ដោយប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរទៅមកសាលារៀន៕













