សមរភូមិក្រោយ គាំទ្រសមរភូមិមុខ៖ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនការពារព្រំដែន
11-09-2026 20:00
(បន្ទាយមានជ័យ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ខាងមុខនេះ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោករដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះសួរសុខទុក្ខ និងរឹតចំណង «សម្ព័ន្ធមេត្រីភាព» ជាមួយ កងការពារព្រំដែនលេខ ៥០៣ ឈរជើងនៅខេត្តបន្ទាយមានជ័យ។
លោករដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកងការពារព្រំដែនលេខ ៥០៣ ដែលកំពុងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ដើម្បីការពារជាតិនិងប្រជាជនយើង។
ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្រសួងកសិកម្ម ជាអង្គភាពស៊ីវិលបានចងភ្ជាប់នូវចំណងមនោសញ្ចេតនាជាមួយអង្គភាពជួរមុខ ផ្ដល់ការគាំទ្រឧបត្ថម្ភនិងបច្ចេកទេសកសិកម្មបង្កើនផលនៅហ្នឹងកន្លែង ដើម្បីជួយរំលែកនិងសម្រាលបន្ទុករបស់វរយុទ្ធជន និងក្រុមគ្រួសារកងទ័ព ហើយជាការឆ្លុះបញ្ចាំងថា បងប្អូនមិននៅម្នាក់ឯងនោះទេស្ថាប័នស៊ីវិលជានិច្ចកាល តែងតែនៅក្បែរ និងគាំទ្របងប្អូនជានិច្ច ដើម្បីកសាងខឿនការពារជាតិ និងជីវភាពគ្រួសារកងទ័ពឱ្យកាន់តែរឹងមាំ។
តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅក្រសួងកសិកម្ម លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕










