រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់ (Video inside)
11-09-2026 18:34
(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅក្នុងរយៈពេល៣៣ឆ្នាំ អង្គភាព CMAC បានបោសសម្អាត និងដុតកម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់ ស្មើប្រមាណ ៧២ ទៅ៧៣ភាគរយ នៃសំណល់យុទ្ធភណ្ឌសរុបទូទាំងប្រទេស។
ការឱ្យដឹងបែបនេះរបស់លោក ហេង រតនា បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មានដល់អ្នកសារព័ត៌មាន ស្ថានភាពយុទ្ធភណ្ឌដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ ទាំងពីរលើក កំឡុងឆ្នាំ២០២៥។
លោក ហេង រតនា បានឱ្យដឹងថា៖ «គ្រាន់តែអង្គភាពស៉ីម៉ាក់ យើងបានកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់ ក្នុងរយៈពេល៣៣ឆ្នាំ ស្មើប្រមាណ ៧២ ទៅ៧៣ភាគរយ នៃទិន្នផលសរុបទូទាំងប្រទេស»។
ជាមួយគ្នានេះដែរលោក បានបញ្ជាក់ថា CMAC បានចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសជាដៃគូមួយចំនួន ខណៈប្រទេសជាដៃមានជប៉ុន សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានជំរុញឱ្យ CMAC ដល់បណ្តាប្រទេសដែលកានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដូចជាប្រទេសកូឡំប៊ី, អ៊ុយក្រែន, ព្រមទាំងសហការជាមួយបណ្តាប្រទេសចំនួន៤ នៅទ្វីបអាហ្វ្រិក និងប្រទេសនៅក្នុងតំបន់រួមមាន៖ វៀតណាម ឡាវ ហើយប្រទេសក៏បានធ្វើជាមួយ CMAC ជាច្រើនកាលមុនផ្ទុះសង្គ្រាមឈ្លានពានកម្ពុជា នៅឆ្នាំ២០២៥។
លោក ហេង រតនា បានលើកឡើងថា តាមផែនការរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ កម្ពុជាគ្មានមីន ហើយនៅឆ្នាំ២០៣៥ សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្រិតធ្លាក់ចុះទាប ប៉ុន្តែ ការដាក់ចេញផែននេះ គឺមិនទាន់គិតសំណល់គ្រាប់យុទ្ធភណ្ឌដែលថៃ បានឈ្លានពានមកលើទឹកដីកម្ពុជា នៅឆ្នាំ២០២៥នោះទេ។ ដូច្នេះ បញ្ហានេះនឹងកំណត់ CMAC រកយុទ្ធសាស្ត្រថ្មីដើម្បីបោសសម្អាតសំណល់សង្គ្រាមនេះ។
អគ្គនាយកស៉ីម៉ាក់ បានគូសបញ្ជាក់ថា សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើក នៅឆ្នាំ២០២៥ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕









