FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហារដ្ឋសភា ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា នាឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា (Video inside)

11-09-2026 18:28

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា នាឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា។

ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោង ឡាំង ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងត្រូវទទួលបដិសណ្ឋារកិច្ចជាផ្លូវរដ្ឋដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចជាផ្លូវរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក មីន អោង ឡាំង នឹងមានជំនួបប្រជុំកំពូលជាមួយគ្នា។ ក្រៅពីជួបសម្តេចតេជោហើយនោះ លោក មីន អោង ឡាំង ក៏នឹងមានជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្រោយជំនួប សម្តេចមហាបវរធិបតី និងលោក មីន អោង ឡាំង នឹងអញ្ជើញជាអធិបតី ដើម្បីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ជំនួបកំពូលនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។

ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ មុននឹងអញ្ជើញត្រឡប់ទៅមីយ៉ាន់ម៉ាវិញ លោក មីន អោង ឡាំង ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា បន្ទាប់ជាប់គាំងខាងផ្នែកនយោបាយចាប់តាំងពីឆ្នាំ២០២១មកនោះ លោក មីន អោង ឡាំង ត្រូវបានសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរជូនលោក មីន អោង ឡាំង។ សម្តេចតេជោ បានបង្ហាញការជៅជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងបន្តអភិវឌ្ឍក្នុងអាណត្តិរបស់លោក មីន អោង ឡាំង ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង បន្ថែមទៀតសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការបន្តធ្វើការងារឱ្យបានជិតស្និទ្ធជាមួយលោក មីន អោង ឡាំង ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីឧត្តមប្រយោជន៍ នៃប្រជាជនទាំងពីរ ដែលតាមរយៈនេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់ និងពិភពលោក។

សូមបញ្ជាក់ដែរថា បន្ទាប់ពីការជាប់ឆ្នោតក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានប្រឹងប្រែងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡើងវិញ ជាមួយប្រទេសក្នុងតំបន់។ ប្រទេសជាសមាជិកអាស៊ាន លោកបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣រួចមកហើយ រួមមាន ឡាវ ថៃ និងវៀតណាម។ លោក ក៏បានអញ្ជើញទស្សនកិច្ចនៅប្រទេសចិន ឥណ្ឌា និងរុស្ស៊ី។

តាមរយៈដំណើរទស្សនកិច្ចនេះ ត្រូវបានគេពិពណ៌នាថា ក្តៅពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហើយនោះ ក៏ជាការប្រឹងប្រែងមួយរបស់លោក មីន អោង ឡាំង ដើម្បីឱ្យប្រទេសនានាទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា កើតចេញពីការបោះឆ្នោតកាលពីខែមេសាកន្លងទៅនោះ៕