FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅចំណុចមុំបីនៃខេត្តកណ្ដាល កំពង់ចាម និងកំពង់ឆ្នាំង

11-09-2026 17:38

(កណ្ដាល)៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រហូតដល់ភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ព្រំប្រទល់នៃខេត្តទាំងបី។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ មានការចូលរួមពីលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល លោកនាយអធិការរដ្ឋបាលជលផលមេគង្គ លោកនាយរងអធិការរដ្ឋបាលជលផលបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល-កំពង់ឆ្នាំង-កំពង់ចាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរស្រុកបាធាយ ដោយមានកម្លាំងសរុប ៤៥នាក់ និងកាណូត ៩គ្រឿង។

ក្រុមការងារបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន រួមមាន៖ លូស្បៃមុងចំនួន ១៣០មាត់ របាំងស្បៃមុងចំនួន ១២២កន្លែង ប្រវែង ៦,០០០ម៉ែត្រ និងបង្គោលចម្រឹង ២,០០០ដើម។ ជាមួយគ្នានេះ ក្រុមការងារក៏បានចាក់លែងកូនត្រីចម្រុះចំនួន ៦៥០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។

លោក ប៉ែន ផល្លីកា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបញ្ឈប់សកម្មភាពបទល្មើសនេសាទនេះតទៅទៀត ព្រោះវាបានបំផ្លិចបំផ្លាញផលមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។ លោកបានបញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋចូលរួមបញ្ឈប់បទល្មើស នោះត្រឹមតែ ២ ទៅ ៣ខែទៀត ផលត្រីនឹងកើនឡើងរាប់សិបតោន រាប់រយតោនមិនខាន។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ក៏បានប្ដេជ្ញាចិត្តបន្តចុះទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទនៅទូទាំងខេត្តកណ្ដាល ដើម្បីរក្សា និងបង្កើនផលមច្ឆាជាតិឲ្យបានគង់វង្សយូរអង្វែង៕