FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី

11-09-2026 17:33

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបើកកិច្ចប្រជុំទ្វេភាគី។

ក្រោយកិច្ចប្រជុំនេះទៅ សម្តេចមហាបវរធិបតី និងលោក មីន អោង ឡាំង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

បន្ទាប់មក សម្តេចមហាបវរធិបតី នឹងរៀបចំអាហារពេលល្ងាចជូនលោកប្រធានាធិបតី និងគណៈប្រតិភូ។

សូមបញ្ជាក់ថា លោក មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ជាទស្សនកិច្ចដែលបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិការរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែល្អប្រសើរ។

ប្រមាណជាមួយម៉ោងក្រោយអញ្ជើញដល់កម្ពុជា លោក មីន អោង ឡាំង ត្រូវបានបដិសណ្ឋារកិច្ចផ្លូវរដ្ឋដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រ។ សម្តេចតេជោ និងលោក មីន អោង ឡាំង បានប្រជុំកំពូល។

សម្តេចតេជោ បានហៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ ជាសក្ខីភាពនៃការបញ្ជាក់អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូ ដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅ រក ការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕