FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច វត្តនិគ្រោធវ័ន «គល់ទទឹង»

11-09-2026 17:33

(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច វត្តនិគ្រោធវ័ន «គល់ទទឹង» ដែលស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ និងលោកស្រីអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះមន្ត្រីសង្ឃ ភ្ញៀវកិត្តិយស ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបផងដែរ។

អគារសាលបដិសណ្ឋារកិច្ចនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកស្រីអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងបុត្រធីតា ដើម្បីបម្រើប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា និងជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ។ ការយកចិត្តទុកដាក់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រះពុទ្ធសាសនា បានចូលរួមជាចំណែកដ៏សំខាន់ក្នុងការថែរក្សា លើកកម្ពស់ និងគាំពារសាសនស្ថាន ព្រមទាំងបន្តពង្រឹងតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនាក្នុងការរក្សា និងលើកស្ទួយតម្លៃសីលធម៌ និងវប្បធម៌ក្នុងសង្គមខ្មែរឱ្យកាន់តែរីកចម្រើន។

ការកសាងអគារសាលបដិសណ្ឋារកិច្ចនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល៕