FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ ណែនាំ និងអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឱ្យចូលរួមគោរពឱ្យបានតឹងរ៉ឹងបំផុតនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីគ្រោះថ្នាក់ (Video inside)

11-09-2026 16:57

(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ និងអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់ ឱ្យចូលរួមគោរពឱ្យបានតឹងរ៉ឹងបំផុតនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីគ្រោះថ្នាក់ដែលស្ថាប័នមានសមត្ថកិច្ចតែងតែប្រឈម និងដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ។

យោងតាមការបញ្ជាក់ពីលោក នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានថ្លែងដូច្នេះថា អ្នកបើកបរគ្រប់រូបត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចខាងក្រោម៖

*ការគោរពល្បឿនកំណត់៖ ត្រូវបើកបរក្នុងល្បឿនដែលច្បាប់បានកំណត់ និងមិនត្រូវបើកបរលើសល្បឿនកំណត់នោះឡើយ។

*ការមិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៖ ហាមឃាត់ដាច់ខាតការវ៉ាជែងក្នុងស្ថានភាពដែលងាយនឹងបង្កគ្រោះថ្នាក់ ឬនៅតាមកំណាត់ផ្លូវបត់ និងផ្លូវបំបែក។

*ការបើកបរតាមគន្លងផ្លូវ៖ ត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត (ម៉ូតូ) ត្រូវប្រុងប្រយ័ត្នខ្ពស់ និងបើកបរក្នុងគន្លងរបស់ខ្លួន។

*ការគោរពស្លាកសញ្ញា និងភ្លើងសញ្ញា៖ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរាល់ស្លាកសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាចរណារណ៍តាមដងផ្លូវ រួមទាំងការគោរពសិទ្ធិអាទិភាព និងមានស្មារតីយោគយល់ អធ្យាស្រ័យ និងអនុគ្រោះឱ្យគ្នាទៅវិញទៅមក។

*ការមិនពាក់ព័ន្ធនឹងគ្រឿងស្រវឹង និងសារធាតុញៀន៖ មិនត្រូវបើកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀនជាដាច់ខាត ដែលជាមូលហេតុចម្បងនាំឱ្យបាត់បង់ម្ចាស់ការ និងបង្កគ្រោះថ្នាក់ជាយថាហេតុ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា អ្នកប្រើប្រាស់ផ្លូវទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន ក៏ដូចជាអ្នកដទៃផងដែរ៕