FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ

11-09-2026 16:57

(ភ្នំពេញ)៖ ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ដែលស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុងនោះ ស្ថានទូតឥណ្ឌូណេស៉ី បានបញ្ជាក់ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេជានិច្ច។

នេះជាការបញ្ជាក់របស់ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៉ី ប្រចាំកម្ពុជា លោក Krishnajie Partadireja ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងកម្មវិធីសួស្តីឥណ្ឌូណេស៉ី នៅសណ្ឋាគារ Shangri-La Hotel នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ជនជាតិឥណ្ឌូណេស៊ីប្រមាណ ៤០០នាក់នោះ ភាគច្រើន គឺល្មើសច្បាប់អន្តោប្រវេសន៍កម្ពុជា ដោយស្នាក់នៅធ្វើការខុសច្បាប់ និងស្នាក់នៅលើសទិដ្ឋាការកំណត់ ពោលគឺពាក់ព័ន្ធនឹង Online Scams។ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបោសសម្អាត Online Scams កន្លងទៅ ពួកគេបានរត់ចាកចេញពីកន្លែងធ្វើការដោយខ្លួនឯង ឆ្ពោះសម្តៅទៅស្ថានទូតឥណ្ឌូណេស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីជួយពួកគេ តែក្រោយមកពួកគេ ត្រូវបានបញ្ជូនមកកាន់នៅកន្លែងស្នាក់នៅ (cargo) ព្រលានយន្តហោះពោធិ៍ចិនតុងសិន ដើម្បីកុំឲ្យបង្កចលាចលក្នុងទីក្រុង។

ប៉ុន្តែ ថ្មីៗនេះជនជាតិឥណ្ឌូណេស៊ី ទាំងអស់នោះ បានត្អូញត្អែរពីភាពលំបាករបស់ពួកគេ និងបានទទូចស្នើសុំទៅកាន់រដ្ឋាភិបាល ជាពិសេសស្ថានទូតឥណ្ឌូណេស៊ី ជួយអន្តរាគមន៍ ដើម្បីពួកគេឆាប់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ។ កន្លងទៅស្ថានទូតឥណ្ឌូណេស៊ី បានចូលរួមជួយសម្រួលម្ហូបអាហារ និងលិខិតសុំបើកផ្លូវជួយដល់ជនជាតិខ្លួន តែចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ស្ថានទូតបានបញ្ចប់ការផ្តល់ជំនួយគាំទ្រក្រោមហេតុផលថា ស្ថានទូតអស់ថវិកាគាំទ្រ។

លោក Krishnajie បានឲ្យដឹងថា ជនជាតិឥណ្ឌូណេស៊ីប្រមាណជាង ៤០០នាក់ ជាពលរដ្ឋក្នុងចំណោម ៨៤១នាក់ ដែលមកធ្វើការ និងរស់នៅខុសច្បាប់នៅកម្ពុជា ហើយគិតមកដល់ពេលនេះ ស្ថានទូតបានចំណាយប្រមាណ ៤០០ ០០០ដុល្លារ សម្រាប់ជួយពួកគេ។ អ្នកស្នាក់នៅឯអាកាសយានដ្ឋានពោធិ៍ចិនតុងទាំងនេះ គឺស្ថានទូតចង់ឲ្យពួកគេទាក់ទងទៅគ្រួសារ ដើម្បីចេញសំបុត្រយន្តហោះដោយខ្លួនឯង ព្រោះពួកគេជាអ្នកខុសច្បាប់ ពាក់ព័ន្ធនឹង Online Scams ។

បើតាម លោក Krishnajie ស្ថានទូតឥណ្ឌូណេស៉ី តែងតែបានជួយជនជាតិខ្លួនជានិច្ច ពាក់ព័ន្ធនឹងការចេញឯកសារនានា ហើយជាពិសេសជនជាតិឥណ្ឌូណេស៉ីជាង ១២ម៉ឺននាក់ ដែលធ្លាប់រត់ទៅរកស្ថានទូតឥណ្ឌូណេស៉ីឲ្យជួយនោះ ក៏ត្រូវបានបញ្ជូនទៅមាតុភូមិវិញរួចហើយ៕