FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលក្រុងស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ឃាត់ ខ្លួនបាន ៣នាក់ និងវត្ថុតាងមួយចំនួន

11-09-2026 16:39

(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងស្វាយរៀង បានធ្វើការចុះស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣ នាក់ និងថ្នាំញៀនមួយចំនួន។

នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១៖១០នាទី នៅត្រង់ចំណុចភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន បានមុខសញ្ញាសង្ស័យចំនួន ៣នាក់។

តាមចម្លើយសារភាពរបស់ជនសង្ស័យ និងដោយមានឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបន្តសហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ និងអាជ្ញាធរមូលដ្ឋាន ចុះឆែកឆេរផ្ទះជនសង្ស័យ រកឃើញមានសារធាតុញៀន និងសម្ភារប្រើប្រាស់មួយចំនួន។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងសរុបរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ១២កញ្ចប់ (ធំ ០២កញ្ចប់) ទូរសព្ទដៃ ៣គ្រឿង និងឧបករណ៍ សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕