ភារធារីស្តីទី៖ ឥណ្ឌូណេស៉ី បង្កើតរោងចក្រផលិតមី នៅខេត្តកំពង់ស្ពឺ គ្រោងដំណើរការផលិត នាពេលឆាប់ៗ
11-09-2026 16:34
(ភ្នំពេញ)៖ ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៉ី ប្រចាំកម្ពុជា លោក Krishnajie Partadireja បានលើកឡើងថា ក្រុមហ៊ុនឥណ្ឌូណេស៉ី ឈ្មោះថា Indo (Cambodia) Food បានបង្កើតរោងចក្រផលិតមី នៅខេត្តកំពង់ស្ពឺ ហើយគ្រោងដំណើរការផលិត នាពេលឆាប់ៗខាងមុខនេះ។
លោកភារធារីស្តីទី បានលើកឡើងបែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងកម្មវិធីសួស្តីឥណ្ឌូណេស៉ី នៅសណ្ឋាគារ Shangri-La Hotel នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ការបើករោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ស្របពេលការនាំចូលមីពីឥណ្ឌូណេស៉ីមកកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ពហិការទំនិញថៃ។
លោក Krishnajie ក៏បានឲ្យដឹងថា គិតមកដល់ពេលនេះ មីកញ្ចប់របស់ឥណ្ឌណេស៉ី នាំចូលមកកម្ពុជា កើនឡើងក្នុងរង្វង់ ៨៥-៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ លោកភារធារីស្តីទី ក៏រីករាយដែលគិតមកដល់ខែកញ្ញា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៉ី មានប្រមាណ ៩០០លានដុល្លារ ហើយលោកមានសុទិដ្ឋិនិយមថា ចំនួននេះនឹងកើនដល់ ១ពាន់លានដុល្លារ ក្នុងឆ្នាំនេះតែម្តង។
នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងឥណ្ឌូនេស៊ី មានចំនួនប្រមាណ ១,០៨ ពាន់លានដុល្លារអាមេរិក បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូណេស៊ី មានតម្លៃប្រហែល ៦៧ លានដុល្លារអាមេរិក ខណៈការនាំចូលរបស់ឥណ្ឌូណេស៉ី មកកម្ពុជា មានតម្លៃប្រហែល ១,០២ ពាន់លានដុល្លារអាមេរិក។
នាឱកាសនោះ លោកក៏បានស្នើប្រជាពលរដ្ឋ ទៅឈ្វេងយល់ពី កម្មវិធីសួស្តីឥណ្ឌូណេស៊ី នៅថ្ងៃទី១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០៖០០ព្រឹក – ៨៖០០យប់ នៅអគារ L កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីនេះ លោកអ្នកអាចទិញផលិតផលឥណ្ឌូណេស៊ី ជួបជាមួយក្រុមហ៊ុន និងអាជីវកម្មឥណ្ឌូណេស៊ី ភ្លក់រសជាតិម្ហូប និងអាហារសម្រន់ឥណ្ឌូណេស៊ីពិតៗ ស្វែងរកគោលដៅទេសចរណ៍បន្ទាប់របស់អ្នកនៅប្រទេសឥណ្ឌូណេស៊ី រីករាយជាមួយតន្ត្រីផ្ទាល់ និងការសម្តែងវប្បធម៌ ហើយចូលរួមការប្រកួតកម្សាន្ត និងឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន៕





























