ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ (Video inside)
11-09-2026 16:28
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានលើកឡើងបង្ហាញជំហរបស់កម្ពុជាចំពោះប្រទេសមីយ៉ាន់ម៉ាដែលដឹកនាំដោយ លោក មីន អោងឡាំ។ លោកថា ប្រទេសណារិះគន់មីយ៉ាន់ម៉ា មកលើលោក មីនអោងឡាំង គឺជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍របស់អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
ការលើកឡើងបែបនេះ របស់លោក ជា ធីរិទ្ធ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធភាពជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ជាមួយលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់កម្ពុជារបស់យើង គឺឈរលើគោលការណ៍គោរព ទៅតាមគោលការណ៍របស់អាស៊ាន គឺមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផងគ្នា»។
បន្ថែមពីនោះទៀត អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា តាំងពីលោក មីនអោងឡាំង ត្រូវបានសភាបោះឆ្នោត រើសធ្វើជាប្រធានាធិបតី តើមានប្រទេសណាខ្លះ ដែលដកទូតចេញពីប្រទេសមីយ៉ាន់ម៉ា ដែលបង្ហាញការមិនទទួលស្គាល់?
លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា បើសិនជាប្រទេសទាំងអស់នោះ នៅតែបន្ដធ្វើការងារសហការការទូត ជាមួយនឹងលោក មីនអោងឡាំង មានន័យថាម្ដេច ទទួលស្គាល់ ឬមិនទទួលស្គាល់៕






