FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ (Video inside)

11-09-2026 16:20

(ភ្នំពេញ)៖ នៅក្នុងជំនួបទ្វេភាគី សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងប្រាប់ លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា អំពីគោលការណ៍របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ នោះគឺដំណោះស្រាយដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ ប្រធានាធិបតីមីយ៉ាន់ម៉ា បានប្រកាសគាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃផងដែរ។

នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរវាងសម្តេចតេជោ និងលោក មីន អោងឡាំង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាព្រំដែន! ច្បាស់ណាស់ មីយ៉ាន់ម៉ា ក៏មានព្រំដែនជាប់ប្រទេសថៃ ហើយកម្ពុជាយើង ក៏មានព្រំដែនជាប់ប្រទេសថៃដែរ។ ដោយសារវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដែលថៃឈ្លានពានកម្ពុជា គឺជាបញ្ហាមួយ ដែលពិភពលោកចាប់អារម្មណ៍ អ៊ីចឹងមិនអាចគេចផុតពីក្រសែភ្នែកមេដឹកនាំណា ដែលមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាឡើយ។ ហើយរឹតតែមិនអាចបំភ្លេចចោលទៀត សម្រាប់មេដឹកនាំកម្ពុជា ក្នុងការលើកយកនូវបញ្ហាព្រំដែន ដែលត្រូវបានគេឈ្លានពាន ក្នុងការពន្យល់អំពីសារបាន អំពីអ្វីដែលកើតឡើងពិតប្រាកដ នៅក្នុងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ»។

លោកបានបន្តថា «ប៉ុន្តែ យ៉ាងណាក៏ដោយចុះ សម្តេចតេជោ បានពន្យល់លោក មីន អោងឡាំង អំពីគោលការណ៍របស់កម្ពុជា ព្រោះទោះបីជា ថៃកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រើយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាធំ ដែលជាគោលការណ៍ចាំបាច់ ក្នុងការអនុវត្ត ក្នុងការដោះស្រាយបញ្ហារវាងព្រំដែនកម្ពុជា និងថៃ ដែលជាជំហរច្បាស់លាស់របស់កម្ពុជា។ ប៉ុន្តែ កម្ពុជានៅតែតវ៉ាដាច់ខាតនូវការប្រើប្រាស់កម្លាំងកាន់កាប់ នៅលើដែនអធិបតេយ្យកម្ពុជា»

បើតាមលោក ជា ធីរិទ្ធ លោក មីន អោងឡាំង គាំទ្រយ៉ាងខ្លាំង ចំពោះជំហរកម្ពុជា ក្នុងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ។ លោកសង្ឃឹមថា ជម្លោះព្រំដែននេះ​ នឹងអាចវិលមករកសន្តិភាព ស្ថិរភាព នៅតាមព្រំដែនជាមួយគ្នាមកវិញបានផងដែរ។

សូមជម្រាបថា ការឈ្លានពានរបស់ថៃមកលើកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានកើតឡើងនៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕