មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខ និងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគ-បរិភោគ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២គ្រួសារ នៅស្រុកសំរោងទង
11-09-2026 16:11
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី បានអញ្ជើញបន្តដឹកនាំ ក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគ-បរិភោគ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០២គ្រួសារ។
គ្រួសារទី១ មានឈ្មោះ ឈុត មីនា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រួចក៏បន្តទៅគ្រួសារទី២ ឈ្មោះ ស៊ឹម សុខលី ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារអមដំណើរ បានសំណេះសំណាលជាមួយក្រុមគ្រួសារគាត់ដោយក្ដីអាណិតអាសូរពន់ពេក។
លោកឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភជាថវិកា និងសម្ភារៈដែលជាគ្រឿងឧបភោគ-បរិភោគ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២០០,០០០រៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគ-បរិភោគរួមមាន៖ (អង្ករ២បាវ, ទឹកសុទ្ធ៣កេស, ភេសជ្ជៈ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរថែមទៀតផង) ដែលសរុបគិតជាថវិកាអស់ចំនួន ៧៤៨,០០០រៀល៕



























