លោកអភិបាលស្រុកស្ទោង៖ ការប្រគល់តួនាទី/ភារកិច្ចថ្មីដល់មន្ត្រី ជាការបង្កើនគុណភាព ប្រសិទ្ធភាពការងារ និងលើកទឹកចិត្តមន្ត្រី ដែលមានស្នាដៃ
11-09-2026 16:06
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រគល់តួនាទី/ភារកិច្ចថ្មីដល់មន្ត្រី ជាការបង្កើនគុណភាព ប្រសិទ្ធភាពការងារ និងលើកទឹកចិត្តមន្ត្រីដែលមានស្នាដៃ។
លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងពិធីប្រកាសតែងតាំងប្រគល់ភារកិច្ចជូននាយករងរដ្ឋបាល ប្រធាននិងអនុប្រធានការិយាល័យ នៃរដ្ឋបាលស្រុកស្ទោង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
លោកបន្ថែមថា ពិធីប្រកាសនៅក្នុងពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគោលការណ៍គ្រឹះក្នុងការគ្រប់គ្រង និងដឹកនាំបុគ្គលិកក្នុងរដ្ឋបាលសាធារណៈ ដើម្បីពង្រឹង ម៉ាស៊ីនរដ្ឋបាលស្រុកស្ទោង ឱ្យកាន់តែមានសក្ដានុពលខ្ពស់ ក្នុងការបំពេញតួនាទី/ភារកិច្ចផ្ដល់សេវាជូនពលរដ្ឋ និងអនុវត្តកាតព្វកិច្ចក្នុងនាមរាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរ ឬប្រគល់តួនាទីថ្មី មិនមែនគ្រាន់តែជាការផ្លាស់ប្តូរបុគ្គលិកធម្មតានោះទេ ប៉ុន្តែជាយន្តការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ និងជាការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរជាងមុន ហើយមន្ត្រីរាជការត្រូវរក្សានូវក្រមសីលធម៌ សុជីវធម៌ និងឥរិយាបទសមរម្យក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាព របស់ខ្លួន និងរបស់ស្ថាប័នរដ្ឋ។
ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់បំពេញការងារតាមជំនាញ និងតួនាទី /ភារកិច្ច ដែលបានប្រគល់ជូន ប្រកដដោយភាពស្មោះត្រង់ និងតម្លាភាព និងទំនួលខុសត្រូវ ហើយត្រូវចូលរួមអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កា ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពសង្គម។
លើសពីនេះទៀត ការរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាភាពស្និទ្ធស្នាល ជួយយកអាសា រ និងសហការគ្នាល្អក្នុងស្ថាប័ន គឺជាសសរទ្រូងនៃភាពជោគជ័យនៃភារកិច្ចរួម។
ជាចុងបញ្ចប់ លោក សាយ គឹមឡម បានណែនាំលើកទឹកចិត្តដល់សហការីទាំងអស់ត្រូវ អភិវឌ្ឍសមត្ថភាពជាប្រចាំ (Digital Transformation) ត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹងវិជ្ជាជីវៈ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ឱ្យទាន់សម័យកាល និងធានានិរន្តរភាពស្ថាប័ន៕


















