អភិបាលខេត្តបាត់ដំបង ជំរុញពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធានមនុស្ស
11-09-2026 15:56
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលលទ្ធផលការងារកន្លងមក និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបង្កើនការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនេសាទ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកក៏បានជំរុញឱ្យពន្លឿនការរៀបចំចរាចរណ៍ក្នុងក្រុងបាត់ដំបង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
លោក សុខ លូ បានក្រើនរំឭកដល់អាជ្ញាធរក្រុង-ស្រុក ឱ្យបន្តខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់សំណង់មិនរៀបរយ និងហាមឃាត់ការសាងសង់សំណង់រឹងរំលោភលើដីសាធារណៈរបស់រដ្ឋ។ ជាមួយគ្នានេះ លោកបានជំរុញយុទ្ធនាការ "ផ្ទះមួយខ្នង ដើមឈើមួយដើម" ដោយបង្កើនការដាំ និងថែទាំដើមឈើនៅតាមទីប្រជុំជន ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតងក្នុងខេត្ត។
បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានណែនាំដល់មន្ទីរ អង្គភាព ក្រុង-ស្រុក ឱ្យចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយព័ត៌មានពិត និងប្រតិកម្មរហ័សលើព័ត៌មានបំពុលសង្គម។ ជាពិសេស លោកបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក ខិតខំផ្សព្វផ្សាយ និងកៀរគរយុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ ឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីទទួលបានការងារសមរម្យ និងប្រាក់ចំណូលខ្ពស់ ស្របពេលដែលខេត្តបាត់ដំបងមានវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសរហូតដល់ ៣ទីតាំង។ ការជំរុញទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងធនធានមនុស្សប្រកបដោយគុណភាព៕























