FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់

11-09-2026 15:50

(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួល នីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ និងឈានដល់ការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្ត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅក្នុងបុរី RT Residence ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

កិច្ចប្រតិបត្តិការនេះ មានការចូលរួមសហការពីលោក ឡាយ ចន្នី ស្នងការរងខេត្ត អាជ្ញាធរក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។

ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហលើផ្ទះល្វែងចំនួន ១០ទីតាំង ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៤៨នាក់ (ស្រី ០៩នាក់) មាន ២សញ្ជាតិ រួមមានជនជាតិចិន ចំនួន ២៩នាក់ (ស្រី ០១នាក់) និងជនជាតិវៀតណាម ចំនួន ១៩នាក់ (ស្រី ០៨នាក់)។ ជនបរទេសទាំង ៤៨នាក់ខាងលើ សុទ្ធតែមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។

ដោយឡែក ក្នុងការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លើផ្ទះវីឡាចំនួន ០១ទីតាំង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១០នាក់ (ស្រី ០៤នាក់) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទដៃផ្ទាល់ខ្លួន ចំនួន ១២គ្រឿង, កុំព្យូទ័រ All in one ចំនួន ១០គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០២គ្រឿង, ម៉ូនីទ័រ (Monitor) ចំនួន ០៥គ្រឿង, លិខិតឆ្លងដែន ចំនួន ១០ក្បាល, ម៉ូតូ ០១គ្រឿង ម៉ាក Honda Airblade ពាក់ស្លាកលេខ 83-PZ 010.35។

បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕