FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ២៦នាក់ ក្នុងក្រុងកំពង់ចាម

11-09-2026 15:46

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ២៦នាក់ ក្នុងក្រុងកំពង់ចាម ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ពិធីសំណេះសំណាលនេះ បានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្ស និងអាណាព្យាបាលផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សទាំង ២៦នាក់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

រង្វាន់លើកទឹកចិត្តដែលបានផ្តល់ជូនសិស្សានុសិស្សនិទ្ទេស A ក្នុងឱកាសនោះ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង ថវិកា ១លានរៀល និងសម្ភារៈសិក្សាមួយចំនួន។ ចំពោះសិស្សវិទ្យាល័យអប់រំពិសេស គ ថ្លង់ ចំនួន ៥នាក់ ដែលជាប់និទ្ទេស A ក្នុងម្នាក់ៗទទួលបាន ថវិកា ២លានរៀល សម្ភារៈសិក្សាមួយចំនួន និងអាហារូបករណ៍ ១កន្លែង។ ជាមួយគ្នានោះ សិស្សនៅមណ្ឌលកុមារកំព្រា ២នាក់ ក្នុងម្នាក់ទទួលបាន កុំព្យូទ័រយួរដៃ ១គ្រឿង ថវិកា ១លានរៀល សម្ភារៈសិក្សាមួយចំនួន និងអាហារូបករណ៍ ១កន្លែងផងដែរ។

លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ ស្វែងយល់ចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិនាពេលអនាគត៕