FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈឃោសនាអប់រំខេត្តសៀមរាប បើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយ ឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅខែកញ្ញា

11-09-2026 15:43

(សៀមរាប)៖ គណៈឃោសនាអប់រំខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅខែកញ្ញា ក្នុងន័យជំរុញការងារផ្សព្វផ្សាយពីលទ្ធផលការងារដែលរាជរដ្ឋាភិបាលសម្រេចបានថ្មីៗ ឱ្យក្រុមការងារពាក់ព័ន្ធផ្សព្វផ្សាយបន្តដល់អង្គភាព និងមូលដ្ឋានរបស់ខ្លួន។

ថ្លែងក្នុងឱកាសនោះ លោក អ៊ាន ឃុន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សខេត្ត បានជំរុញដល់លោក លោកស្រីដែលជាក្រុមការងារ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងការងារអប់រំនយោបាយសតិអារម្មណ៍ និងការងារសាធារណៈមតិឱ្យបានខ្លាំងក្លា មុតស្រួច និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសភាពការណ៍។

លោកបានបន្តថា ត្រូវពង្រឹងជំនឿទុកចិត្តរបស់សមាជិកបក្ស និងមហាជន ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ។ ការពង្រឹងជំនឿនេះ តាមរយៈការបន្តអប់រំផ្សព្វផ្សាយអំពី សមិទ្ធផលលើគ្រប់វិស័យ និងការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ។

លោក អ៊ាន ឃុន ក៏បានជំរុញដល់សមាជិកគណបក្ស ត្រូវបន្តបញ្ចូលសមាជិកថ្មីបន្ថែមទៀត ជាពិសេសទាក់ទាញស្រទាប់យុវជន និងប្រជាពលរដ្ឋតាមមូលដ្ឋានឃុំ-សង្កាត់។ ជាពិសេសជំរុញការអប់រំសតិអារម្មណ៍ នយោបាយ និងការគ្រប់គ្រងរចនាសម្ព័ន្ធដឹកនាំឱ្យមានភាពប្រទាក់ក្រឡាគ្នា ដែលនេះជាយុទ្ធសាស្ត្រស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងមូលដ្ឋាននយោបាយ និងធានាភាពរឹងមាំនៃអង្គការចាត់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។

លោក ស៊ិន រុន ប្រធានគណៈឃោសនាអប់រំខេត្ត បានលើកឡើងថា សមាជិកសមាជិកាទាំងអស់ បន្តយកខ្លឹមសារនៃឯកសារជំនួយស្មារតី ជាពិសេសផ្សព្វផ្សាយពីលទ្ធផលការងារដែលរាជរដ្ឋាភិបាលសម្រេចបាន តាមអង្គភាព និងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងឱ្យប្រជាពលរដ្ឋពួកគាត់បានយល់ដឹង និងបានជ្រាបពីលទ្ធផលទាំងអស់នេះ។

លោក ស៊ិន រុន ត្រូវបន្តអប់រំឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយថៃដោយសន្តិវិធីឱ្យអស់លទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងសន្ធិសញ្ញា អនុសញ្ញាដែលមានស្រាប់។ ជាពិសេសជំហររបស់រាជរដ្ឋាភិបាលដែលមិនទទួលស្គាល់ដាច់ខាតនៅខ្សែព្រំដែនណា ដែលបង្កើតឡើងដោយការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគី។

លោក មុិត សុវណ្ណ អនុប្រធានគណៈឃោសនាអប់រំខេត្តសៀមរាប បានបង្ហាញថា ក្នុងខែសីហាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផល និងលទ្ធផលជាច្រើនសម្រាប់សង្គមជាតិ និងប្រជាជន ទាំងការងារសេដ្ឋកិច្ច ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការងារការទូត ការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមនឹងការងារសំខាន់ៗទៀត។

លោកបានបន្តថា រាជរដ្ឋាភិបាល ក៏បាននឹងកំពុងយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការតាមមូលដ្ឋាន លើការផ្ដល់សេវា បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នៅតែប្រកាន់ជំហរយកប្រជាពលរដ្ឋជាគោល ដែលកាតព្វកិច្ចចម្បងមាន ៣យ៉ាងគឺ៖ ធានាសុខភាព, ធានាឱ្យមានចំណេះដឹង និងបំណិន និងធានាជីវភាពរស់នៅឱ្យបានល្អប្រសើរតាមរយៈការបង្កើតការងារ។

លោកបន្ថែមថា ដំណើររបស់ជាតិ គឺបន្តបោះជំហានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍ។ ការធានាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ ធានាបានសន្តិសុខសណ្ដាប់ធ្នាប់សង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងអស់នេះ ធានាឱ្យយើងរក្សាបានលំនឹង និងការធ្វើឱ្យប្រសើរឡើងនូវជីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយនេះដែរ លោកបញ្ជាក់ថា ត្រូវធ្វើការវាយបកឱ្យបានខ្លាំងក្លា បុរេសកម្ម នូវរាល់ការឃោសនាវាយប្រហាររបស់ក្រុមប្រឆាំងជ្រុលនិយម និងពួកអមិត្ត ដែលកំពុងធ្វើសកម្មភាព ស្របគ្នាជាមួយពួកជ្រុលនិយមថៃ ញុះញង់ បំភ្លៃការពិត ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ក្នុងគោលបំណងបំបែកបំបាក់ការគាំទ្ររបស់ប្រជាជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា៕