FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ឈរជើងការពារព្រំដែននៅខេត្តព្រះវិហារ

11-09-2026 15:40

(ព្រះវិហារ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ នៅខេត្តព្រះវិហារ ។

នៅក្នុងឱកាសនេះលោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការដឹងគុណ យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុង ឈរជើងការពារព្រំដែននៅសមរភូមិ ព្រមទាំងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូន ចំពោះក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។

លោក មាស សុខសេនសាន បានបញ្ជាក់ថា ស្ថិតនៅក្នុងទស្សនវិស័យ នៃសិល្បៈការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាពរវាងកងទ័ព និងស្ថាប័នអង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ឋ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែប្រសើរ។

ជាក់ស្តែងថ្ងៃនេះ គឺជាលើកទី៣៧ គិតចាប់តាំងពីឆ្នាំ២០០៨ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូនកងទាហាន និងកងនគរបាល ការពារព្រំដែនគោកនៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។

ស្ថិតក្នុងវេទិកាដ៏សោមនស្សរីករាយនេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងគូសបញ្ជាក់ពីការឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាន ដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព នៃការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបន្តរក្សាបាននូវសន្តិភាពនិងស្ថេរភាពនយោបាយ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យសម្រាប់ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។

ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងប្អូនកងទាហាន និងកងនគរបាលទាំងអស់ដែលឈរជើងនៅសមរភូមិមុខតំបន់មុំបីនេះ ជាមួយការជូនពរ ប្រសិទ្ធពរជ័យដល់កងកម្លាំងទាំងអស់ សូមជួបតែសេចក្តីសុខ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

អំណោយដែលបាននាំយកទៅចែកជូននាពេលនេះ កងទ័ព កងនគបាល ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០រៀល, អង្គភាពនីមួយៗចំនួន ២ លានរៀល រួមជាមួយ ត្រាក់ទ័រ ម៉ូតូ តង់ ផ្ទាំងសូឡា គ្រឿងបរិក្ខារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថ្នាំពេទ្យមួយចំនួនផងដែរ សរុបជាថវិកាប្រមាណ ចំនួន ៥២៥ លានរៀល។

បន្ថែមលើនេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ៥ខេត្ត រួមមាន៖ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក៏បានចូលរួមចំណែកក្នុងការឧបត្ថម្ភថវិការួមគ្នាសរុបចំនួន ៥លាន រៀល ជូនទៅអង្គភាព ដោយក្នុងមួយអង្គភាពចំនួន ២.៥លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ៕