FASMEC រៀបចំសិក្ខាសាលានៅខេត្តកំពង់ឆ្នាំង ពង្រឹងសមត្ថភាព MSMEs ក្នុងការទទួលបានហិរញ្ញប្បទាន និងអភិវឌ្ឍអាជីវកម្មតាមបែបឌីជីថល
11-09-2026 15:36
(កំពង់ឆ្នាំង)៖ នាថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានរៀបចំសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
សិក្ខាសាលានេះ ដឹកនាំរៀបចំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីត្រៀមខ្លួនក្នុងការទទួលបានហិរញ្ញប្បទាន និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល។
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖
១. ពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យយល់ដឹងពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រីកអាជីវកម្ម។
២. ផ្តល់ចំណេះដឹងជាក់ស្តែងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។
៣. ប្រមូលផ្តុំបញ្ហាប្រឈមជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងវិស័យឯកជន។
ថ្លែងក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការរីកចម្រើនរបស់អាជីវកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះដែរ ឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងដៃគូសហការឧបត្ថម្ភ ដែលបានចូលរួមគាំទ្រដល់ការរៀបចំកម្មវិធីនេះ។
ដៃគូសហការ និងឧបត្ថម្ភរួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមហ៊ុនផលិតចំណីសត្វ ANT FEED, ក្រុមហ៊ុន SCE CONSTRUCTION, អ៊ឹង មុយគៀង អលង្ការពេជ្រ, ក្រុមហ៊ុន ខ្មែរមីលឃីហ្វូដ, ក្រុមហ៊ុន KH Haitech-Haier Global Business និង Vattanac Brewery ដែលបានរួមចំណែកគាំទ្រឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅដោយជោគជ័យ។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាកិត្តិយសពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងសមាជិក FASMEC ព្រមទាំងម្ចាស់សហគ្រាស សរុបប្រមាណ ១៥០រូប។ តាមរយៈសិក្ខាសាលានេះ FASMEC បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រ MSMEs ឱ្យទទួលបានចំណេះដឹង ឱកាសហិរញ្ញប្បទាន និងឧបករណ៍ចាំបាច់សម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព៕










