FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា៖ គេហទំព័រ https://khqr.cc/ ពុំមែនជាគេហទំព័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ ដែលអនុញ្ញាតពីធនាគារជាតិឡើយ

11-09-2026 15:35

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញជូនដំណឹង ដល់សាធារណជន បន្ទាប់ពីបានពិនិត្យឃើញមានគេហទំព័រ https://khqr.cc/ បានផ្សព្វផ្សាយអំពីការផ្ដល់មុខងារជាថ្នាល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបង្កើតគណនីចូលក្នុងថ្នាលនេះ រួចអាចចុះឈ្មោះជាពាណិជ្ជករ ដើម្បីធ្វើប្រតិបត្តិការទទួលការទូទាត់សងប្រាក់ តាមរយៈការស្កេន KHQR Code ឬការតភ្ជាប់ទៅកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថានធនាគារ និងកម្មវិធី Binance ជាដើម។

ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់យ៉ាងច្បាស់ថា គេហទំព័រ https://khqr.cc/ ពុំមែនជាគេហទំព័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលអនុញ្ញាតពីធនាគារជាតិឡើយ។

តាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ថា ការផ្តល់នូវថ្នាលឬប្រព័ន្ធ សម្រាប់ផ្តល់សេវាទូទាត់សងប្រាក់ ជូនពាណិជ្ជករ ឬបុគ្គលណាមួយគឺអាចធ្វើបាន ចំពោះតែគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវា
ទូទាត់សងប្រាក់ដែលមានអាជ្ញាបណ្ណ ឬទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ។

ដូច្នេះសម្រាប់គេហទំព័រ https://khqr.cc/ នេះ ពុំមែនជាគេហទំព័ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថាន
ផ្តល់សេវាទូទាត់សងប្រាក់ ដែលមានអាជ្ញាបណ្ណ ឬទទួលបានការអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជានោះឡើយ។

សម្រាប់ករណីនេះធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការ ក្នុងគោលបំណងទប់ស្កាត់ហានិភ័យនានា ដែលអាចកើតមានឡើងមកលើប្រព័ន្ធទូទាត់សងប្រាក់។ ក្នុងករណីបុគ្គល ឬនីតិបុគ្គលណា អនុវត្តផ្ទុយនឹងច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់
ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចបង្កឱ្យមានហានិភ័យ ឬការខាតបង់ដោយប្រការណាមួយ។
ទន្ទឹមនេះសូមសាធារណជនពិនិត្យ ឱ្យបានច្បាស់លាស់មុននឹងធ្វើការតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូសងប្រាក់ណាមួយ ដែលមិនមានអាជ្ញាបណ្ណច្បាស់លាស់ ហើយក្នុងករណីមានការសង្ស័យ មមេត្តាពិនិត្យបញ្ជីឈ្មោះគ្រឹះស្ថាន ដែលទទួលបានអញ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា តាមរយៈគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា៕