សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោក វង សូត អញ្ជើញចុះពិនិត្យទីតាំងប្រវត្តិសាស្ត្រដែលធ្លាប់ជាតំបន់ប្រយុទ្ធតស៊ូរំដោះប្រទេសជាតិ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
11-09-2026 15:21
(ត្បូងឃ្មុំ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, លោកនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាមួយអញ្ជើញចុះពិនិត្យទីតាំងសមរភូមិតស៊ូរំដោះប្រទេសជាតិ ជាមួយអតីតយុទ្ធមិត្តជាច្រើនផ្សេងទៀត។
គណៈប្រតិភូ បានអញ្ជើញទៅដល់ភូមិស្រះ ដែលជាទីបញ្ជាការដ៏សំខាន់មួយដែល ប៉ុល ពត អនុវត្តផែនការបោសសម្អាតកម្មាភិបាលភូមិភាគបូពា៍ អំឡុងខែឧសភា ឆ្នាំ១៩៧៨។ ផែនការបោសសម្អាតរបស់ ប៉ុល ពត ត្រូវបានអនុវត្តដោយលោក កែ ពក។
លោក វង សូត បានរៀបរាប់ថា «មេដឹកនាំកម្មាភិបាលសំខាន់ៗ ត្រូវបានកោះហៅឱ្យចូលរួមប្រជុំ ហើយត្រូវបានចាប់ខ្លួន និងបញ្ជូនចេញទៅទីកន្លែងផ្សេង ដោយគ្មានថ្ងៃត្រឡប់វិញឡើយ»។
ព្រឹត្តិការណ៍អំឡុងខែឧសភា ឆ្នាំ១៩៧៨ គឺជារបត់ប្រវត្តិសាស្រ្តដ៏សំខាន់ និងជាចំណុចចាប់ផ្តើម នៃការក្រោកឈរប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ប្រជាជនក្នុងភូមិភាគបូពា៍នេះ។ ផែនការបោសសម្អាតតរបស់ កែ ពក បានធ្វើឱ្យមេដឹកនាំ ក៏ដូចជាកម្មាភិបាលដែលនៅសេសសល់ រួមទាំងយុទ្ធមិត្ត និងប្រជាពលរដ្ឋនៅក្នុងតំបន់ ភាសន៍ខ្លួនចូលក្នុងព្រៃតាទកនៅចុងខែឧសភា ឆ្នាំ១៩៧៨ បង្កើតបានជារចនាសម្ព័ន្ធកម្លាំងតស៊ូ ប្រឆាំងនឹងរបបដ៏ឃោឃៅនេះ។
ដំណើរចុះពិនិត្យទីតាំងប្រវត្តិសាស្ត្រ បានផ្តល់ឱកាសដល់គណៈប្រតិភូក្នុងការស្វែងយល់បន្ថែមអំពីទីតាំងជាក់ស្តែង និងព្រឹត្តិការណ៍ដែលបានកើតឡើងពីអតីតកាល ព្រមទាំងរំលឹកឡើងវិញនូវដំណើរតស៊ូ និងការលះបង់របស់អតីតយុទ្ធមិត្ត និងប្រជាពលរដ្ឋក្នុងតំបន់នេះ។
ជាមួយគ្នានេះ ការរំលឹក និងការចងក្រងប្រវត្តិសាស្រ្ត នឹងរួមចំណែកដល់ការអប់រំមនុស្សជំនាន់ក្រោយ និងការបណ្តុះស្មារតីស្រឡាញ់ជាតិ ឯកភាពជាតិ និងសាមគ្គីភាព ព្រមទាំងជំរុញឱ្យមនុស្សជំនាន់ក្រោយយល់កាន់តែច្បាស់ ពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងវិបុលភាព៕




