FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេសចរណ៍ថ្មី ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន

11-09-2026 15:16

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង និងជាតំណាងសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា (Hiroshima University of Economics) នៃប្រទេសជប៉ុន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម រាយការណ៍អំពីសកម្មភាពគាំទ្រវិស័យទេសចរណ៍ និងអប់រំនៅកម្ពុជា ព្រមទាំងពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក Hirokazu Kashitani និងគណៈប្រតិភូសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា ដែលបានបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរអន្តរជាតិនៅកម្ពុជា (Cambodia International Exchange Program) និងសកម្មភាពអភិវឌ្ឍសហគមន៍ជាច្រើននៅតាមបណ្តាខេត្ត ដូចជា ខេត្តកំពង់ធំ សៀមរាប បាត់ដំបង និងព្រៃវែង ជាដើម។

លោករដ្ឋមន្ត្រី បានលើកឡើងថា សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រឹងការយល់ដឹងរវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ ជាពិសេសការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងអនាម័យ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រួមទាំងភ្ញៀវទេសចរជប៉ុន ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ជាការឆ្លើយតប លោក Hirokazu Kashitani និងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងទេសចរណ៍កន្លងមក និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរនិស្សិត ការអភិវឌ្ឍកម្មវិធីអប់រំ និងការចែករំលែកបទពិសោធន៍របស់ប្រទេសជប៉ុន ជាពិសេសបទពិសោធន៍នៃការកសាងទីក្រុងហ៊ីរ៉ូស៊ីម៉ាឡើងវិញ ក្រោយសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់ស្មារតីសន្តិភាព ភាពធន់ និងការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា រៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពិនិត្យលទ្ធភាពរៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សា វគ្គសិក្សាខ្លី និងដំណើរទស្សនកិច្ចសិក្សា សម្រាប់មន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យសកលវិទ្យាល័យបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពពិត សន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍របស់កម្ពុជា តាមរយៈគេហទំព័រ និងបណ្តាញផ្សព្វផ្សាយរបស់សកលវិទ្យាល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងយុវជនជប៉ុនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

សូមជម្រាបថា សកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា បានអនុវត្តកម្មវិធីផ្លាស់ប្តូរអន្តរជាតិនៅកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៩ និងបានដឹកនាំនិស្សិតមកទស្សនាប្រទេសកម្ពុជាជាង១៧លើក ដើម្បីចូលរួមក្នុងសកម្មភាពអប់រំ សុខភាព អនាម័យ និងការងារសហគមន៍ទេសចរណ៍នៅតាមបណ្តាខេត្តនានារបស់កម្ពុជា។

តាមរយៈកម្មវិធីនៅកម្ពុជានេះ សកលវិទ្យាល័យក៏បានផលិតសៀវភៅអប់រំសម្រាប់កុមារកម្ពុជាស្តីពីសន្តិភាព និងការកសាងប្រទេសឡើងវិញ ហើយកំពុងរៀបចំសៀវភៅអប់រំបន្ថែមស្តីពីសន្តិភាព និងភាពធន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍយុវជន និងសង្គមកម្ពុជា៕