សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា (Video inside)
11-09-2026 14:56
(ភ្នំពេញ)៖ ក្នុងពិធីលៀងសាយភោជន៍ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅកម្ពុជា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី និងគណៈប្រតិភូដ៏ឧត្តុង្គឧត្តម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ជាពិសេស សម្តេចតេជោ មានសេចក្តីសោមនស្សរីករាយណាស់ ដោយមានកិត្តិយសរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយស នាឱកាសដ៏សែនមនោរម្យនេះ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ លោកប្រធានាធិបតី ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាមួយគ្នានេះសម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកប្រធានាធិបតី មីយ៉ាន់ម៉ានឹងសម្រេចបានការងារអាទិភាពទាំងឡាយដែលរដ្ឋាភិបាលរបស់លោកបានដាក់ចេញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ ជាសក្ខីភាពនៃការបញ្ជាក់ អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំងពីរ។ ក្នុងឱកាសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី នាពេលនេះ បានផ្តល់ឱកាសដល់យើងទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។ យើងរក្សាបានការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ និងការតភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយខ្ញុំរីករាយដោយបានកត់សម្គាល់ឃើញថា កម្ពុជានិងមីយ៉ាន់ម៉ាមានចំណងមិត្តភាពជាប្រពៃណីដ៏កក់ក្តៅ និងសាមគ្គីភាពរឹងមាំ។ ឆ្នាំ២០២៥កន្លងទៅ យើងបានរួមគ្នារំលឹកខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ»។
សម្តេចតេជោ ហ៊ុន សែន ពិតជាមានបិតិសោមនស្សក្រៃលែង និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូកន្លងមករវាងប្រទេសយើងទាំងពីរ ទៅលើពហុវិស័យប្រកបដោយផ្លែផ្ការួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ ព័ត៌មាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ជាពិសេសការប្រកាន់ ឥរិយាបថសាមគ្គីភាពគ្នាយ៉ាងស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ អាស៊ាន និងនៅលើឆាកអន្តរជាតិ តាមរយៈការថែរក្សាការពារដោយសន្តិវិធីនូវឧត្តមគតិរួម ផលប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ព្រមទាំងភាពជាដៃគូដ៏រឹងមាំ ទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងបន្តរីកចម្រើនឥតឈប់ឈរ។
សម្តេចតេជោ ហ៊ុន សែន បានជូនពរ លោកប្រធានាធិបតី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ មានសុខភាពល្អប្រសើរ ទទួលបានជោគជ័យនិងពោរពេញដោយថាមភាព ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕





























