FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ អំពាវនាវឱ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ,​រៀនបានកាន់តែខ្ពស់ ឱកាសការងារបានកាន់តែល្អ

11-09-2026 14:43

(តាកែវ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរបូរី បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យា មានការអភិវឌ្ឍជឿនលឿន សិស្សានុសិស្ស មានឱកាសរៀនបានគ្រប់ទីកន្លែង ទាំងរៀននៅថ្នាក់ផ្ទាល់ និងរៀនតាមបណ្តាញអ៊ីនធើណេត។

ក្នុងន័យនេះ លោករដ្ឋលេខាធិការ បានអំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន រៀនបានកាន់តែខ្ពស់ ឱកាសការងារបានកាន់តែល្អ ដែលមានប្រាក់ចំណូលខ្ពស់។

ជាមួយគ្នានោះ លោក បានបញ្ជាក់ដែរថា នាពេលបច្ចុប្បន្ន ប្រសិនបើចង់ធ្វើមន្ត្រីរាជការ ទាល់តែយុវជនខិតខំរៀនសូត្រ ប្រសិនបើរៀនមិនពូកែ គឺមិនអាចប្រជែងយកតំណែង ជាមន្ត្រីបានឡើយ ដោយសារបច្ចុប្បន្ន កម្ពុជា មានធនធានមនុស្សច្រើន ដែលជាការប្រកួតប្រជែងខ្ពស់ សម្រាប់ស្វែងរកឱកាសការងារ។

លោក សុខុម ភគវន្តមុនី អំពាវនាវដូច្នេះ ក្នុងពិធីសំណេះសំណាល និងសម្ពោធអគារសិក្សា១ខ្នង ៥បន្ទប់ នៅវិទ្យាល័យសំរោងពន្លៃ និងខ្លោងទ្វារសាលាបឋមសិក្សាសំរោងពន្លៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅស្រុកអង្គរបុរី ខេត្តតាកែវ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកបានបន្តថា ការបន្តសាងសង់អគារសាលារៀននេះ គឺដោយសារសាលារៀន បានផ្តល់នូវចំណេះដឹង ដល់កុមារ និងយុវជន ជាពិសេសអ្នករស់នៅតំបន់ជនបទ ឱ្យមានលទ្ធភាព ទទួលបានការអប់រំ កាន់តែប្រសើរ។ លើសពីការផ្តល់ចំណេះដឹង សាលារៀន បានផ្តល់នូវការបណ្តុះបណ្តាលសីលធម៌ គុណធម៌ និងប្រពៃណី ដែលជាអត្តសញ្ញាណជាតិផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានអំពាវនាវឱ្យសិស្សានុសិស្ស ខិតខំប្រឹងរៀនបន្ថែមទៀត ខណៈទទួលបានអគារសិក្សាថ្មីនេះ។

លោកបានថ្លែងថា ប្រជាជនកម្ពុជា កំពុងរស់នៅក្នុងប្រទេស ដែលកំពុងអភិវឌ្ឍន៍រីកចម្រើននេះ គឺព្រោះតែគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ និងសម្តេចធិបតី នឹងបន្តធ្វើឱ្យប្រទេសជាតិ កាន់តែមានការរីកចម្រើន ប្រជាជនរស់នៅកាន់តែមានភាពសុខសាន្ត៕