ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព (Video inside)
11-09-2026 14:16
(ព្រះសីហនុ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា បានចាត់ទុកការចូលចតជាថ្មីនៃនាវាហ្វឹកហ្វឺនយោធា PEREKOP នៃកងទ័ពជើងទឹករុស្ស៉ី បង្ហាញកាន់តែច្បាស់អំពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសលើវិស័យកងទ័ព។
ការបញ្ជាក់ជាភាសាខ្មែរដោយផ្ទាល់ពីសំណាក់ លោកឯកអគ្គរដ្ឋទូតរុស្ស៉ី ធ្វើឡើងក្នុងឱកាសអញ្ជើញទទួលស្វាគមន៍នាវា ហ្វឹកហ្វឺនយោធា PEREKOP ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ជាធម្មតាយើងបានធ្លាប់ចូលចតកប៉ាល់យោធានៅព្រះសីហនុ ដូច្នេះមានគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពរវាងរុស្ស៉ី និងកម្ពុជា។ ការណ៍ដែលយើងចូលចតនាវាចម្បាំង និងនាវាបង្ហាត់បង្រៀនទាំងពីរ បង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងមិត្តភាពល្អ និងពង្រឹងពង្រីកផ្លាស់ប្ដូរកងទ័ពនៃប្រទេសយើងទាំងពីរ»។
ក្នុងឆ្នាំ២០២៦នេះ ជាលេីកទី២ហេីយ ដែលនាវាកងទ័ពជេីងទឹករុស្ស៉ីចូលចតនៅប្រទេសកម្ពុជា ពោលកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ នាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង បានចូលចតដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។ នាវាចម្បាំងទាំងពីរគ្រឿងនោះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក នៃកងទ័ព ជើង ទឹកសហព័ន្ធរុស្ស៊ី៕


















