FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីសុខាភិបាលកម្ពុជា៖ ភាពធន់របស់អាស៊ាន គឺចាប់ផ្តើមចេញពីប្រព័ន្ធសុខាភិបាលជាតិដែលមានភាពធន់ ហើយកាន់តែរឹងមាំនៅពេលដែលប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងអស់ធ្វើការរួមគ្នា បង្កើតកម្លាំងជំរុញសមាហរណកម្មអាស៊ាន

11-09-2026 13:03

(គូឡាឡាំពួ)៖ ទស្សនទានរបស់សុខាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ នាក្រុងគូឡាឡាំពួ ថា «ភាពធន់របស់អាស៊ាន គឺចាប់ផ្តើមចេញពីប្រព័ន្ធសុខាភិបាលជាតិដែលមានភាពធន់ ហើយភាពធន់នេះនឹងកាន់តែរឹងមាំថែមទៀត នៅពេលដែលប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីបង្កើតកម្លាំងសរុបជំរុញសមាហរណកម្មអាស៊ាន»។

ការប្រសាសន៍របស់លោកសាស្ដ្រាចារ្យយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ានទាំង១១ អគ្គលេខាធិការរងអាស៊ាន ព្រមទាំងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)។
កិច្ចប្រជុំពេញអង្គ ប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម Datuk Seri Dr. Haji Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី និងជាប្រធានអាស៊ានវិស័យសុខាភិបាល។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើនភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល ដើម្បីភាពធន់ សុខុមាលភាព និងសន្តិសុខសុខភាព» (Synergising Health Systems for Resilience, Well-Being and Health Security) ដោយបានគូសរំលេចពីបទពិសោធន៍នៃការប្រយុទ្ធនឹងជំងឺរាតត្បាតនាពេលកន្លងមក ដែលនាំមកការយល់ដឹងថា «កម្លាំង នឹងភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល មិនត្រឹមតែអាស្រ័យលើសមត្ថភាពនៃសមាសភាគនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើកម្រិតនៃកិច្ចសហការ និងការធ្វើការងាររួមគ្នា»

ដើម្បីផ្លាស់ប្តូរពីសកម្មភាពដាច់ដោយឡែក ឱ្យទៅជាសកម្មភាពរួមនិងប្រទាក់ក្រឡា ដើរឆ្ពោះទៅរកភាពធន់ប្រកបដោយចីរភាពក្នុងរយៈពេលវែង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចូលរួមចំណែកផ្តល់ជូននូវទិសដៅអាទិភាពគន្លឹះចំនួន ៣៖
១៖ បញ្ហាប្រឈមសុខភាព ជាបញ្ហារួមរបស់តំបន់ ដូច្នេះការពង្រឹងសន្តិសុខសុខភាព ការគ្របដណ្តប់សុខភាពសកល និងការត្រៀមលក្ខណៈឆ្លើយតប មិនអាចសម្រេចបានដោយវិស័យសុខាភិបាលតែមួយមុខនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធអន្តរវិស័យ អន្តរស្ថាប័ន និងឆ្លងដែន។
២៖ ពង្រឹងភាពជាអ្នកដឹកនាំ និងកិច្ចសហការរួមគ្នា ផ្តល់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ពង្រឹងសមត្ថភាពក្នុងការប៉ាន់ប្រមាណ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យនាពេលអនាគត។
៣៖ ការកសាងចីរភាពរចនាសម្ព័ន្ធសហប្រតិបត្តិការ ទាមទារអភិបាលកិច្ច​ ស្ថិរភាព ហិរញ្ញប្បទានប្រកបដោយចីរភាព បច្ចេកវិទ្យាប្រទាក់ក្រឡា ការចែករំលែកចំណេះដឹង ជាពិសេសគឺការបង្កើត «ទំនុកចិត្ត» ទៅវិញទៅមក។

អង្គប្រជុំពេញអង្គបានអនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន (PrepSOM) របាយការណ៍នៃកិច្ចប្រជុំត្រៀម ឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជាមួយដៃគូរួមមាន៖ អាស៊ាន-បូកបី អាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-អាមេរិក និងអាស៊ាន-ជប៉ុន) វិធានប្រតិបត្តិ (Rules of Procedure - ROP) របៀបវារៈយុទ្ធសាស្ត្រសុខាភិបាលអាស៊ាន ឆ្នាំ២០២៦-២០៣០ (ASEAN Strategic Health Agenda 2026-2030 - ASHA) យន្តការគ្រប់គ្រង និងការអនុវត្ត (Governance and Implementation Mechanism - GIM) តួនាទី និងភារកិច្ចក្រុមការងារសុខាភិបាលអាស៊ាន (Terms of Reference of ASEAN Health Clusters - TOR AHCs) ព្រមទាំងបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧៕