FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ច​ព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ

11-09-2026 11:42

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៉ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company) និងធនាគារនីហរ័ណ-អាហរ័ណចិន (China Exim Bank) ដែលមានតម្លៃជិត ១ពាន់លានដុល្លារ អាម៉េរិក សម្រាប់ «គម្រោងគ្រប់គ្រងធនធាន​ទឹកចម្រុះហ្វូណនតេជោ»

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ទៀតថា គម្រោងនេះ អនុវត្តតាមរូបភាពសាងសង់ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer - BOT) ដោយក្រុមហ៊ុនវិនិយោគឯកជននេះ មិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត «របៀងសេដ្ឋកិច្ចថ្មី» ផ្លាស់ប្តូរមុខមាត់កម្ពុជា និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះតំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។

ពិធីចុះហត្ថលេខានេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមជាសក្ខីភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. នៅក្នុងវេទិកាសហប្រតិបត្តិការ វិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» (Global Wisdom, Mutual Empowerment: International Investment & Cooperation Exchange) នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន៕