អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បង្ហាញមហិច្ឆតាជំរុញកម្ពុជាជាគោលដៅកីឡាវាយកូនហ្គោល ទេសចរណ៍ និងវិនិយោគ
11-09-2026 10:30
(ភ្នំពេញ)៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានបង្ហាញមហិច្ឆតាដ៏មុតមាំក្នុងការជំរុញឱ្យប្រទេសកម្ពុជាត្រូវបានពិភពលោកស្គាល់ និងមានទំនុកចិត្តកាន់តែខ្លាំងឡើង ក្នុងនាមជាគោលដៅដ៏ទាក់ទាញសម្រាប់កីឡាវាយកូនហ្គោល វិស័យកីឡា ទេសចរណ៍ និងការវិនិយោគ។ ការបង្ហាញមហិច្ឆតានេះ បានធ្វើឡើងក្នុងពិធីបើកសន្និសីទសារព័ត៌មានជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលកម្រិតស្តង់ដារអន្តរជាតិ Vattanac Legends Championship និង Vattanac Tour Championship នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត រាជធានីភ្នំពេញ។
នាឱកាសនេះដែរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានគូសបញ្ជាក់ថា៖ «មហិច្ឆតារបស់ វឌ្ឍនៈ គឺមិនត្រឹមតែចង់អភិវឌ្ឍវិស័យកីឡាវាយកូនហ្គោល ឱ្យមានស្តង់ដារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែចង់ប្រើប្រាស់កីឡាជាវេទិកាមួយ ដើម្បីបង្ហាញសក្តានុពលរបស់កម្ពុជាទៅកាន់ពិភពលោក និងពង្រឹងទំនុកចិត្តលើកម្ពុជាក្នុងវិស័យកីឡា ទេសចរណ៍ និងការវិនិយោគ»។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបន្ដថា វឌ្ឍនៈ គ្រុប នឹងបន្តចូលរួមអភិវឌ្ឍ និងបណ្តុះបណ្តាលវិស័យកីឡាវាយកូនហ្គោលក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវជន ជំនាន់ក្រោយទាំងប្រុស និងស្រី ដើម្បីផ្តល់ឱកាសឱ្យពួកគេបានស្គាល់ រៀនសូត្រ លេង និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនក្នុងវិស័យកីឡាមួយនេះ។ កីឡាវាយកូនហ្គោលមិនត្រឹមតែផ្តល់ជំនាញកីឡានោះទេ ប៉ុន្តែថែមទាំងបង្រៀនពីវិន័យ ភាពអត់ធ្មត់ ការគោរព ភាពស្មោះត្រង់ និងស្មារតីកីឡា ដែលជាគុណតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍបុគ្គល និងសង្គម។ ជាពិសេស ការនាំយកកីឡាករវាយកូនហ្គោលឆ្នើមៗលំដាប់ពិភពលោកមកកាន់កម្ពុជា ត្រូវបានអ្នកឧកញ៉ាចាត់ទុកថា ជាសារបំផុសគំនិតដ៏មានឥទ្ធិពលមួយសម្រាប់យុវជនកម្ពុជា។
អ្នកឧកញ៉ា បានបញ្ជាក់ថា ឆ្នាំនេះ មានបំណងរៀបចំកម្មវិធី Tonle Sap Challenge ឱ្យកាន់តែធំ និងកាន់តែប្រសើរជាងមុន ដោយផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណខ្មែរ ឱ្យកាន់តែឃើញច្បាស់ ដែលធ្វើអោយកម្មវិធីកាន់តែមានលក្ខណៈពិសេសទាក់ទាញប្លែកគេ។ តាមរយៈបទពិសោធន៍ នៃការប្រកួតដ៏អស្ចារ្យនេះ បូករួមទាំង វប្បធម៌ បេតិកភណ្ឌ បដិសណ្ឋារកិច្ច និងប្រជាជននៃប្រទេសកម្ពុជា នឹងក្លាយជាភាពទាក់ទាញដ៏សំខាន់ ដែលនាំឱ្យក្រុមកីឡាករ កំពូលលំដាប់ពិភពលោកទាំងនេះ ចងចាំពីប្រទេសកម្ពុជា បន្តការនិទានរៀបរាប់អំពីកម្ពុជា និងត្រឡប់មកកាន់កម្ពុជា វិញសារជាថ្មីនាពេលខាងមុខ។
អ្នកឧកញ៉ាបានបង្ហាញក្តីសង្ឃឹមថា យុវជនកម្ពុជាដែលបានចូលរួមទស្សនាការប្រកួតអន្តរជាតិទាំងនេះ អាចនឹងយកកីឡាករលំដាប់ពិភពលោកធ្វើជាគំរូ និងកំណត់ក្តីស្រមៃរបស់ខ្លួន ដើម្បីឈានទៅរកអាជីពកីឡាវាយកូនហ្គោលនាពេលអនាគត។ អ្នកឧកញ៉ាបន្ថែមថា ថ្ងៃណាមួយ ក្នុងចំណោមយុវជនកម្ពុជា ដែលបានមកទស្សនា ការប្រកួតទាំងនេះ អាចនឹងក្លាយជាម្ចាស់ជើងឯករបស់កម្ពុជា ឬក្លាយជាកីឡាករវាយកូនហ្គោលអាជីពតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ និងគ្រវីទង់ជាតិកម្ពុជាដោយមោទនភាព។
ខណៈដែលត្រៀមស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យរួបរួមគ្នា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រមទាំងអំពាវនាវឱ្យចូលរួមជួយផ្សព្វផ្សាយវាទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ទាំងអស់គ្នា។ លោកអំពាវនាវឱ្យបង្ហាញពិភពលោកនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតរបស់កម្ពុជា ភាពរួសរាយរាក់ទាក់សេចក្តីសប្បុរស និងមោទនភាពរបស់ជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសដ៏ពិសេសមួយ។ លោកអំពាវនាវឱ្យរួមគ្នាដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំធេង និងបង្កើតប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍ដ៏អស្ចារ្យដែលបន្សល់ទុកការចងចាំសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ពិភពលោក។
សូមជម្រាបដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលកម្រិតស្តង់ដារអន្តរជាតិ Vattanac Legends Championship និង Vattanac Tour Championship នេះ មានគោលបំណងបន្តចូលរួមអភិវឌ្ឍ និងបណ្តុះបណ្តាលវិស័យកីឡាវាយកូនហ្គោល នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយទាំងប្រុស ទាំងស្រី ឱ្យកាន់តែច្រើនឡើង ដើម្បីអោយយុវជនទាំងនេះ អាចឈ្វេងយល់ រៀនសូត្រ លេង និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនក្នុងកីឡាវាយកូនហ្គោលនេះផងដែរ៕











