FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យរដ្ឋបាលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស២០នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams

11-09-2026 10:00

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះអនុវត្តការងាររដ្ឋបាល និងពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ និងបង្ក្រាបទីតាំងដែលអាចលាក់លៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ការចុះអនុវត្តការងារនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តាសង្កាត់នានាក្នុងក្រុងប៉ោយប៉ែត ដោយបានចុះពិនិត្យសរុបចំនួន៦ទីតាំង និងរកឃើញជនបរទេសស្នាក់នៅចំនួន២០នាក់ ក្នុងនោះស្ត្រី៨នាក់។

ជនបរទេសទាំងនោះ រួមមានជនជាតិចិន៣នាក់ ក្នុងនោះស្ត្រី១នាក់, ជនជាតិថៃ១០នាក់ ក្នុងនោះស្ត្រី៧នាក់ និងជនជាតិឥណ្ឌូនេស៊ី៧នាក់។

តាមរបាយការណ៍ដែល Fresh News ទទួលបាននាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ជនបរទេសដែលត្រូវបានរកឃើញ និងកំពុងស្នាក់នៅតាមអគារ និងផ្ទះជួល សុទ្ធតែមានឯកសារស្នាក់នៅ និងប័ណ្ណការងារត្រឹមត្រូវ។

ចំពោះទីតាំងដែលកម្លាំងបានចុះពិនិត្យទាំង៦ទីតាំង ពុំរកឃើញសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះឡើយ។

ចំពោះលទ្ធផលតាមសង្កាត់នីមួយៗ រួមមាន៖

*ទី១៖ សង្កាត់ប៉ោយប៉ែត កម្លាំងបានចុះអនុវត្តការងាររដ្ឋបាលចំនួន២គោលដៅ និងរកឃើញជនបរទេសស្នាក់នៅចំនួន៤នាក់ ក្នុងនោះស្ត្រី១នាក់ រួមមានជនជាតិចិន៣នាក់ ក្នុងនោះស្ត្រី១នាក់ និងជនជាតិឥណ្ឌូនេស៊ី១នាក់។ ជនបរទេសទាំងនេះមានឯកសារត្រឹមត្រូវ ហើយទីតាំងដែលបានចុះពិនិត្យ ពុំមានពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។

*ទី២៖ សង្កាត់អូរជ្រៅ កម្លាំងបានចុះអនុវត្តការងាររដ្ឋបាលចំនួន២គោលដៅ និងរកឃើញជនបរទេសស្នាក់នៅចំនួន១៥នាក់ ក្នុងនោះស្ត្រី៧នាក់ រួមមានជនជាតិថៃ៩នាក់ ក្នុងនោះស្ត្រី៧នាក់ និងជនជាតិឥណ្ឌូនេស៊ី៦នាក់។ ជនបរទេសទាំងនេះមានឯកសារត្រឹមត្រូវ ហើយទីតាំងដែលបានចុះពិនិត្យ ពុំមានពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។

*ទី៣៖ សង្កាត់ផ្សារកណ្តាល កម្លាំងបានចុះអនុវត្តការងាររដ្ឋបាលចំនួន២គោលដៅ និងរកឃើញជនបរទេសស្នាក់នៅចំនួន១នាក់ គឺជនជាតិថៃ១នាក់។ ជនបរទេសរូបនេះមានឯកសារត្រឹមត្រូវ ហើយទីតាំងដែលបានចុះពិនិត្យ ពុំមានពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។

គួរបញ្ជាក់ថា ការចុះពិនិត្យរដ្ឋបាលនៅតាមទីតាំងនានាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះ គឺជាផ្នែកមួយនៃវិធានការរបស់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងការត្រួតពិនិត្យស្ថានភាពជនបរទេស និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន៕