ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់ឆ្នាំ២០២៦-២០២៨
11-09-2026 09:57
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ «ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់ឆ្នាំ២០២៦-២០២៨ ដោយមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ម៉ារៀណា ទ្រីយ៉ាស (Dr. Mariana Trias) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រសួងសុខាភិបាល ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធប្រមាណ៣០០នាក់។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំ និងបំពេញលក្ខខណ្ឌតាមសូចនាករនានា រហូតខណ្ឌដូនពេញទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដែលជាសមិទ្ធផលដ៏គួរឱ្យមោទនៈសម្រាប់ខណ្ឌដូនពេញ និងរាជធានីភ្នំពេញទាំងមូល។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខណ្ឌដូនពេញ គឺជាក្រុង ស្រុក ខណ្ឌទី៩ ដែលទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។ ការប្រកាសទទួលស្គាល់នេះ មិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការទទួលខុសត្រូវថ្មី ក្នុងការបន្តថែរក្សា ពង្រឹង និងលើកកម្ពស់ស្តង់ដារបរិស្ថាន អនាម័យ សុវត្ថិភាព និងភាពទាក់ទាញនៃគោលដៅទេសចរណ៍នៅទូទាំងខណ្ឌដូនពេញ ឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព និងចីរភាព។
លោក ហួត ហាក់ បានលើកឡើងថា ជ័យលាភីនេះនឹងក្លាយជាគំរូល្អ និងជាកម្លាំងចលករ ជំរុញដល់ខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុង ស្រុក និងខណ្ឌនានាទូទាំងប្រទេស ឱ្យចូលរួមរៀបចំ និងលើកកម្ពស់មូលដ្ឋានរបស់ខ្លួន ឆ្ពោះទៅទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» បន្ថែមទៀត ដើម្បីរួមចំណែកកសាងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែស្អាត ឆ្លាត បៃតង មានសុវត្ថិភាព និងមានភាពទាក់ទាញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមានន័យថា ជាទីក្រុងដែលហាមឃាត់ការជក់បារីទាំងស្រុងនោះទេ ប៉ុន្តែសំដៅដល់ទីក្រុងទេសចរណ៍ដែលមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសការមិនអនុញ្ញាតឱ្យជក់បារីនៅតាមទីកន្លែងដែលច្បាប់ហាមឃាត់៕










